ហត្ថលេខាលោក ដូណាល់ ត្រាំ នឹងលេចឡើងនៅលើលុយដុល្លារអាមេរិកក្នុងពេលឆាប់ៗ ដែលជារឿងដំបូងសម្រាប់ប្រធានាធិបតីកំពុងកាន់អំណាច (Video inside)

27-03-2026 15:16

(វ៉ាស៉ីនតោន)៖ ហត្ថលេខារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ នឹងលេចឡើងក្នុងពេលឆាប់ៗខាងមុខ នៅលើរូបិយប័ណ្ណអាមេរិក ក្រោមផែនការដើម្បីអបអរគម្រប់ខួបទី២៥០ នៃការទទួលបានឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដា ខណៈរឿងនេះគឺជាលើកដំបូងបង្អស់ សម្រាប់ប្រធានាធិបតីដែលកំពុងកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Aljazeera នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។

មកទល់នឹងពេលនេះ ក្រដាសប្រាក់ដុល្លាររបស់អាមេរិក ដែលត្រូវបានបែងចែកចេញជាក្រដាស១ដុល្លារ ២ដុល្លារ ៥ដុល្លារ ១០ដុល្លារ ២០ដុល្លារ ៥០ដុល្លារ និង១០០ដុល្លារ គឺមានរំលេចហត្ថលេខារបស់រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ និងរបស់ហេរញ្ញិកនៃក្រសួងនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា លោក ត្រាំ បានតម្រែតម្រង់ប្រទេសឱ្យមកស្ថិតនៅលើគន្លងផ្លូវ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ក៏ដូចជាភាពរឹងមាំនិងស្ថិរភាពហិរញ្ញវត្ថុ ដែលអស្ចារ្យមិនធ្លាប់មាន ដូច្នេះហើយការផ្លាស់ប្តូរនេះ នឹងជាការទទួលស្គាល់សមិទ្ធផលជាប្រវត្តិសាស្រ្តរបស់លោកប្រធានាធិបតី។

យ៉ាងណាមិញ បើតាមស្ថិតិជាក់ស្តែង ក្រោមរដ្ឋបាលលោក ត្រាំ កំណើនសេដ្ឋកិច្ចអាមេរិក ជាទូទៅមានកម្រិតប្រហាក់ប្រហែលជាមួយ​និន្នាការក្រោយវិបត្តិជំងឺកូវីដ កាលពីអំឡុងអាណត្តិអតីតប្រធានាធិបតី លោក ចូ បៃដិន។ GDP សហរដ្ឋអាមេរិក បានកើន ២.២ភាគរយ ក្នុងឆ្នាំ២០២៥ គឺទាបជាងបន្តិច ធៀបនឹងកំណើនជាមធ្យម២.៥ភាគរយ កាលពីចន្លោះឆ្នាំ២០២២-២០២៤។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុអាមេរិក ហត្ថលេខារបស់លោក ត្រាំ ជាដំបូងនឹងចាប់ផ្តើមមានវត្តមាន នៅលើក្រដាសប្រាក់ ១០០ដុល្លារ នាខែមិថុនា អមជាមួយហត្ថលេខារបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុ Scott Bessent។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន គណៈកម្មការវិចិត្រសិល្បៈអាមេរិក​ ទើបតែបានអនុម័តផែនការផលិតកាក់មាសអនុស្សាវរីយមួយ ដែលមានឆ្លាក់រូបលោក ដូណាល់ ត្រាំ។ គិតមកទល់ពេលនេះ លោក ត្រាំ បានភ្ជាប់ឈ្មោះរបស់លោក ទៅនឹង​ស្ថាប័នក៏ដូចជាគម្រោងផ្សេងៗកាន់តែច្រើនឡើង គិតចាប់តាំងពីរូបលោកវិលត្រឡប់មកកាន់អំណាច នៅសេតវិមានជាលើកទី២ ក្នុងនោះរួមមានទាំង​មហោស្រពទស្សនីយភាពសិល្បៈ John F Kennedy Center និងវិទ្យាស្ថានសន្តិភាពអាមេរិក ព្រមទាំងថ្នាក់នាវាចម្បាំងមួយ ដែលត្រូវបានគ្រោងសាងសង់ នាពេលខាងមុខ៕