លោក ពូទីន អំពាវនាវឱ្យមហាសេដ្ឋីរុស្ស៉ី ចូលរួមបរិច្ចាគលុយជួយរដ្ឋ ខណៈថ្លៃចំណាយធ្វើសង្រ្គាមជាមួយអ៊ុយក្រែន កើនឡើង (Video inside)
27-03-2026 16:57
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យក្រុមមហាសេដ្ឋជួយបរិច្ចាគលុយចូលថវិកាជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង រក្សាស្ថិរភាពហិរញ្ញវត្ថុប្រទេស ខណៈដែលការឈ្លានពានអ៊ុយក្រែនកំពុងបន្ត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។
សារព័ត៌មាន The Bell បានរាយការណ៍ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះ ថាលោក ពូទីន បានជួយក្រុមធុរកិច្ច ក្នុងជំនួបបិទទ្វារមួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយពិភាក្សាទៅលើការផ្តល់មូលនិធិយោធា និងការបន្តសង្គ្រាមអ៊ុយក្រែន ដែលចូលដល់ឆ្នាំទី ៥ហើយ គិតចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២មក។
កាសែត Financial Times ក៏បានចេញផ្សាយរបាយការណ៍ស្រដៀងគ្នានេះដែរ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីមនុស្ស ៣នាក់។ The Bell បានរាយការណ៍ទៀតថា មហាសេដ្ឋីរុស្ស៉ី លោក Suleiman Kerimov បានសន្យាបរិច្ចាគប្រាក់ចំនួន ១០០ពាន់លានរូប្លិ ឬ ១.២៣ពាន់លានដុល្លារ ក្នុងពេលជួបលោក ពូទីន។
រុស្ស៉ីកំពុងប្រឈមនឹងផលវិបាកទ្វេដង នោះគឺការថយចុះនៃប្រាក់ចំណូលដែលបានពីការលក់ថាមពល និងការធ្លាក់ចុះ នៃសេដ្ឋកិច្ចដែលប៉ះពាល់ដល់ចំណូលពន្ធពីវិស័យផ្សេងទៀត។ ប្រភពមួយចំនួនប្រាប់ Reuters កាលពីដើមខែនេះថា រដ្ឋាភិបាលរុស្ស៉ី កំពុងរៀបចំកាត់បន្ថយការចំណាយមិនសូវចាំបាច់ ១០ភាគរយនៅក្នុងថវិកាឆ្នាំនេះ ប៉ុន្តែការសម្រេចចុងក្រោយ អាស្រ័យលើតម្លៃប្រេងដែលលក់បាន ក្រោយផ្ទុះសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់៕






