អ៊ុយក្រែននិងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងការពារដែនអាកាស អំឡុងទស្សនកិច្ចរបស់លោក ហ្សេលេនស្គី
27-03-2026 17:45
(កៀវ)៖ មន្រ្តីជាន់ខ្ពស់អ៊ុយក្រែនបានឱ្យដឹងថា អ៊ុយក្រែននិងអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងស្តីពីការការពារដែនអាកាស អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ទៅកាន់ប្រទេសតំបន់ឈូងសមុទ្រអារ៉ាប់មួយនេះ ដែលបាននិងកំពុងប្រឈមមុខជាមួយការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២៦។
ប្រភពខាងលើបាននិយាយដូច្នេះថា «គោលបំណងនៃកិច្ចព្រមព្រៀងនេះ គឺអ៊ុយក្រែននឹងគាំទ្រពួកគេ (អារ៉ាប៊ីសាអូឌីត) ដើម្បីអភិវឌ្ឍសមាសធាតុចាំបាច់ទាំងអស់នៃការការពារដែនអាកាស ដែលពួកគេកំពុងខ្វះខាតនាពេលបច្ចុប្បន្ន»។ យោងតាមប្រភពដដែល កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាកាលពីថ្ងៃព្រហស្បតិ៍។
លោក ហ្សេលេនស្គី ផ្ទាល់ ក៏បានទទួលស្គាល់នៅលើបណ្តាញសង្គមដែរថា ប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងសំខាន់មួយ ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ហើយរូបលោកថែមទាំងបានជួបពិភាក្សាជាមួយ រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ទៀតផង អំឡុងទស្សនកិច្ចរបស់លោក។
គួរបញ្ជាក់ថា ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារលើអ៉ីរ៉ង់ កាលពីចុងខែកុម្ភៈ ទីក្រុងតេហេរ៉ង់ បានបាញ់មីស៉ីលបាលិស្ទីគនិងយន្តហោះដ្រូន សងសឹកវិញលើប្រទេសអ៉ីស្រាអែល ព្រមទាំងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ ដែលមានមូលដ្ឋានទ័ពអាមេរិក ក្នុងនោះរួមមានទាំងអារ៉ាប៊ីសាអូឌីត៕






