អតីតនាយករដ្ឋមន្រ្តីនេប៉ាល់ ត្រូវបានចាប់ខ្លួន ជុំវិញការបង្រ្កាបបាតុកម្មស្លាប់មនុស្សរាប់សិបនាក់ កាលពីឆ្នាំមុន (Video inside)

28-03-2026 09:37

(កដ្ឋមណ្ឌូ)៖ នាថ្ងៃសៅរ៍ ទី២៨ ខែមីនា អតីតនាយករដ្ឋមន្រ្តីនៃប្រទេសនេប៉ាល់ លោក KP Sharma Oli និងអតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក Ramesh Lakhak ត្រូវបានចាប់ខ្លួន ដោយសារភាពជាប់ពាក់ព័ន្ធក្នុងការបង្រ្កាបយ៉ាងប្រល័យលើក្រុមបាតុករ កាលពីខែកញ្ញា ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចាប់ខ្លួននេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្រ្តីនេប៉ាល់ថ្មី លោក Balendra Shah បានស្បថចូលកាន់តំណែងជាផ្លូវការ ក្រោយការបោះឆ្នោតសកល បន្ទាប់ពី​បាតុកម្មដ៏កក្រើកកាលពីឆ្នាំមុន ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់លោក Oli។ មនុស្សយ៉ាងហោច៧៧នាក់បានស្លាប់ អំឡុងបាតុកម្មដែលដឹកនាំដោយយុវជននោះ។ ដំបូងឡើយវាផ្តើមចេញពីការបិទបណ្តាញទំនាក់ទំនងសង្គម ប៉ុន្តែក្រោយមក ក៏បានប្រែក្លាយទៅជា ការបញ្ចេញកំហឹងតវ៉ាប្រឆាំងអំពើពុករលួយ ចំពោះមុខទុក្ខលំបាកផ្នែកសេដ្ឋកិច្ច។

គួរបញ្ជាក់ថា មនុស្សយ៉ាងហោច១៩នាក់បានបាត់បង់ជីវិត ក្នុងថ្ងៃដំបូងនៃបាតុកម្ម ហើយនៅថ្ងៃបន្ទាប់ ភាពវឹកវរបានរីករាលដាលទូទាំងប្រទេស ខណៈសភានិង​ការិយាល័យរដ្ឋាភិបាល ត្រូវបានក្រុមបាតុករដុតបំផ្លាញ ដែលជាលទ្ធផលធ្វើឱ្យរដ្ឋាភិបាលត្រូវដួលរលំ។ របាយការណ៍មួយ គាំទ្រដោយរដ្ឋាភិបាលបណ្តោះអាសន្ន ពាក់ព័ន្ធការបង្រ្កាបបាតុកម្មនាពេលនោះ បានផ្តល់យោបល់ឱ្យនាំខ្លួនលោក Oli ដែលមានអាយុ៧៤ឆ្នាំ និងមន្រ្តីផ្សេងទៀត មកកាត់ទោសតាមផ្លូវច្បាប់៕