អ៉ីរ៉ង់បាញ់មីស៉ីលផ្ទុកក្បាលគ្រាប់ចង្កោមលើអ៉ីស្រាអែល បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់របួស (Video inside)
28-03-2026 11:56
(ហ៊្សេរុយសាឡិម)៖ កាលពីចន្លោះយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល អះអាងថា អ៉ីរ៉ង់បានបាញ់មីស៉ីលយ៉ាងហោច៥លើក សំដៅមកលើប្រទេសរបស់ខ្លួន ក្នុងចន្លោះពេលត្រឹមជាង៥ម៉ោង ជាហេតុនាំឱ្យប្រព័ន្ធការពារដែនអាកាសធ្វើការឆ្លើយតបយ៉ាងសកម្ម ហើយសំឡេងស៉ីរ៉ែនប្រកាសអាសន្ន ត្រូវបានបន្លឺឡើងនៅពាសពេញប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍័ ទី២៨ ខែមីនា ឆ្នាំ២០២៦។
សេវាសង្រ្គោះបន្ទាន់អ៉ីស្រាអែល បានឱ្យដឹងថា អំឡុងការវាយប្រហារនោះ បុរសម្នាក់បានស្លាប់នៅទីក្រុង Tel Aviv ហើយបុរស២នាក់ផ្សេងទៀត អាយុ៦៥ឆ្នាំ និង៥០ឆ្នាំ បានរងរបួសក្នុងឧប្បត្តិហេតុដាច់ដោយឡែក នៅក្នុងទីក្រុង។ ដោយឡែក ក៏មានអ្នករងរបួស២នាក់ទៀត នៅក្រុង Kuseife ភាគខាងត្បូង ផងដែរ។ អាជ្ញាធរអ៉ីស្រាអែល បានអះអាងថា អគារស្នាក់នៅមួយខ្នង បានរងការវាយប្រហារដោយគ្រាប់ចង្កោម ដែលបែកចេញពីក្បាលមីស៉ីលរបស់អ៉ីរ៉ង់។ គ្រាប់ចង្កោម គឺពួកវាផ្ទុះនៅលើផ្ទៃអាកាស ហើយបាចសាចគ្រាប់បែកតូចៗ ទៅលើតំបន់ធំទូលាយ។ កន្លងមក ទាំងអ៉ីស្រាអែលទាំងអ៉ីរ៉ង់ សុទ្ធតែបានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការប្រើប្រាស់គ្រាប់បែកចង្កោម។
គួរបញ្ជាក់ថា មុនការប្រកាសពីតួលេខអ្នកស្លាប់ថ្មីចុងក្រោយខាងលើ អាជ្ញាធរអ៉ីស្រាអែល បានប្រាប់ថា ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់ បានផ្តាច់ជីវិតជនស៉ីវិលនៅក្នុងប្រទេសរបស់ខ្លួន ចំនួន១៨នាក់ រាប់តាំងពីសង្រ្គាមចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ពួកគេបានអះអាងថា ការវាយប្រហារមីស៉ីលរបស់អ៉ីរ៉ង់ បានសម្លាប់ជនជាតិអ៉ីស្រាអែលផ្ទាល់១៣នាក់ ក្នុងនោះមានក្មេង៤នាក់ រួមជាមួយអ្នកថែទាំម្នាក់ ជាជនជាតិហ្វីលីពីន និងជនជាតិថៃម្នាក់៕







