អតីតកំពូលកីឡាករវាយកូនហ្គោល Tiger Woods ត្រូវប៉ូ​លិសអាមេរិកឃាត់ខ្លួន ពីបទបើកបរក្រោមឥទ្ធិពលជាតិស្រវឹងឬសារធាតុញៀន ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍ នៅរដ្ឋ Florida

28-03-2026 13:07

(វ៉ាស៉ីនតោន)៖ អតីតកីឡាករវាយកូនហ្គោលលេខ១របស់ពិភពលោក លោក Tiger Woods ត្រូវបានប៉ូលិសឃាត់ខ្លួន ពីបទបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ឬសារធាតុញៀន បន្ទាប់ពីរថយន្ត Land Rover របស់លោក បានក្រឡាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅរដ្ឋ Florida កាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦។

ក្រោយស្ថិតក្រោមការឃុំឃាំងអស់ប៉ុន្មានម៉ោង តាមការកំណត់របស់ច្បាប់រដ្ឋ Florida លោក Woods ដែលធ្លាប់ជាជើងឯកវាយកូនហ្គោលលំដាប់កំពូល១៥លើក ត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ។ ប៉ូលិសអាមេរិក បានឱ្យដឹងថា រថយន្តរបស់លោក Woods បានក្រឡាប់ នៅពេលព្យាយាមបើកវ៉ារថយន្តមួយគ្រឿងទៀត ដែលកំពុងអូសកន្ទុយសណ្តោង។ យ៉ាងណាមិញ លោក Woods និងអ្នកបើករថយន្ត១គ្រឿងទៀតនោះ មិនបានរងរបួសអ្វីឡើយ។

ការធ្វើតេស្តផ្លុំខ្យល់ដង្ហើម មិនមានបង្ហាញដាននៃគ្រឿងស្រវឹងទេ ប៉ុន្តែក្រុមអ្នកស៉ើបអង្កេតជឿថា លោក Woods អាចស្ថិតក្រោមឥទ្ធិពលនៃសារធាតុដទៃទៀត។ លោកបានបដិសេធការធ្វើតេស្តពិនិត្យទឹកនោម ដែលជាបទល្មើសដាច់ដោយឡែកមួយ ក្រោមច្បាប់រដ្ឋ Florida។ លោក Woods ត្រូវបានចោទប្រកាន់ពី បទបើកបរក្រោមឥទ្ធិពល (DUI) បង្កការខូចខាតទ្រព្យសម្បត្តិ និងបដិសេធការធ្វើតេស្តស្របច្បាប់ ដែលសុទ្ធតែជាបទចោទប្រកាន់កម្រិតស្រាល។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១ លោកធ្លាប់ជួបគ្រោះថ្នាក់រថយន្ត ដែលនាំឱ្យប្រេះឆ្អឹងជើងធ្ងន់ធ្ងរ។ លោក Tiger Woods ត្រូវបានគេចាត់ទុក ជាកីឡាករវាយកូនហ្គោលដ៏ឆ្នើមបំផុតម្នាក់ក្នុងប្រវត្តិសាស្រ្ត។ លោកធ្លាប់ឈ្នះជើងឯកលំដាប់កំពូលចំនួន១៥លើក ឈរនៅលំដាប់ថ្នាក់ទី២ បន្ទាប់ពី លោក Jack Nicklaus ដែលឈ្នះ១៨លើក។ ជើងឯកធំៗរបស់លោក រួមមានដូចជាជើងឯក Masters ចំនួន៥, US Open ចំនួន៣, British Opens ចំនួន៣ និង PGA Championship ចំនួន៤។ រូបលោកគឺជាកីឡាករតែម្នាក់គត់ ដែលកាន់កាប់ជើងឯកទាំង៤ខាងលើ ក្នុងពេលទន្ទឹមគ្នា កាលពីចន្លោះឆ្នាំ២០០០-២០០១ ហើយរក្សាតំណែងជាកំពូលកីឡាករវាយកូនហ្គោលលេខ១របស់ពិភពលោក អស់រយៈកំណត់ត្រាដល់ទៅ៦៨៣ថ្ងៃ៕