អ៉ីស្រាអែល ថាមានមីស៉ីលបាញ់ចេញមកពីយេម៉ែន បន្ទាប់ពីសម្ព័ន្ធមិត្តអ៉ីរ៉ង់ Houthi បានព្រមានចូលរួមក្នុងសង្រ្គាម ស្របពេលជម្លោះអូសបន្លាយ ១ខែគត់ (Video inside)
28-03-2026 14:10
(ហ៊្សេរុយសាឡិម)៖ នាថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល បានប្រាប់ថា ខ្លួនបានប្រទះឃើញសញ្ញានៃការបាញ់មីស៉ីល១គ្រាប់ ចេញពីប្រទេសយេម៉ែន ដែលជាលើកដំបូង គិតតាំងពីសង្គាមមជ្ឈិមបូព៌ាចាប់ផ្តើមកាលពី១ខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦។
ការបាញ់មីស៉ីលនេះ គឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី (Houthi) ដែលមានមូលដ្ឋាននៅយេម៉ែន បានព្រមានកាលពីថ្ងៃសុក្រថា ពួកគេនឹងចូលរួមក្នុងសង្រ្គាមមជ្ឈិមបូព៌ា ប្រសិនបើការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែល លើអ៉ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្ត ឬមួយក៏ប្រទេសដទៃទៀត ចូលលូកដៃក្នុងជម្លោះនេះ។ ក្រុម Houthi បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ថា ពួកយើងត្រៀមលក្ខណៈជានិច្ច ដើម្បីចូលធ្វើអន្តរាគមន៍យោធាដោយផ្ទាល់»។
គួរបញ្ជាក់ថា ការចូលរួមរបស់ក្រុម Houthi នឹងពង្រីកបន្ថែមទៀតនូវជម្លោះដែលកំពុងរាលដាលរួចស្រាប់ទៅហើយ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ មកទល់ពេលនេះ ក្រុមសកម្មប្រយុទ្ធនៅលីបង់ និងអ៉ីរ៉ាក់ដែលគាំទ្រដោយអ៉ីរ៉ង់ បានចូលរួមរួចជាស្រេចក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល លើទីក្រុងតេហេរ៉ង់ កាលពី៤សប្តាហ៍មុន។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ Houthi មានសមត្ថភាពវាយប្រហារបានឆ្ងាយ និងអាចបង្កការរំខានដល់ច្រកផ្លូវកប៉ាល់ដឹកជញ្ជូន នៅជុំវិញឧបទ្វីបអារ៉ាប់និងនៅសមុទ្រក្រហម ដែលពួកគេធ្លាប់បានធ្វើកន្លងមក ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕






