សម្ព័ន្ធមិត្តអ៉ីរ៉ង់ Houthi ទទួលស្គាល់ថាបានបាញ់មីស៉ីលលេីអ៉ីស្រាអែល

28-03-2026 21:00

(សាណា)៖ ក្រុម Houthi ដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់នៅយេម៉ែន បានបញ្ជាក់នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ថាពួកគេបានបើកការវាយប្រហារលើអ៉ីស្រាអែលជាលើកដំបូង ក្នុងអំឡុងសង្រ្គាមបច្ចុប្បន្នរវាងអ៉ីស្រាអែល-អាមេរិកជាមួយអ៉ីរ៉ង់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៉ីស្រាអែល នាថ្ងៃសៅរ៍នេះ បានអះអាងថាមានមីស៉ីលមួយគ្រាប់ ត្រូវបានបាញ់ចេញពីប្រទេសយេម៉ែន។

ក្រុម Houthi និយាយថា ការវាយប្រហារដោយមីស៉ីលត្រូវបានធ្វេីឡើងក្រោយការបន្តកំណត់គោលដៅលេីហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៉ីរ៉ង់ លីបង់ អ៉ីរ៉ាក់ និងដែនដីប៉ាឡេស្ទីន ដោយបន្ថែមថា ប្រតិបត្តិការរបស់ពួកគេនឹងបន្តរហូតដល់ការឈ្លានពាននៅជួរមុខទាំងអស់ត្រូវបញ្ចប់។

ការចូលរួមរបស់ក្រុម Houthi នឹងពង្រីកបន្ថែមទៀតនូវជម្លោះដែលកំពុងរាលដាលរួចស្រាប់ទៅហើយ នៅក្នុងតំបន់មជ្ឈិមបូព៌ា។ មកទល់ពេលនេះ ក្រុមសកម្មប្រយុទ្ធនៅលីបង់ និងអ៉ីរ៉ាក់ដែលគាំទ្រដោយអ៉ីរ៉ង់ បានចូលរួមរួចជាស្រេចក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហារតាមផ្លូវអាកាស របស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែល លើទីក្រុងតេហេរ៉ង់ កាលពី៤សប្តាហ៍មុន។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ Houthi មានសមត្ថភាពវាយប្រហារបានឆ្ងាយ និង អាចបង្កការរំខានដល់ច្រកផ្លូវកប៉ាល់ដឹកជញ្ជូន នៅជុំវិញឧបទ្វីបអារ៉ាប់និងនៅសមុទ្រក្រហម ដែលពួកគេធ្លាប់បានធ្វើកន្លងមក ដើម្បីគាំទ្រក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា ក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕