ប៉ាគីស្ថាន នឹងធ្វេីជាម្ចាស់ផ្ទះឱ្យអារ៉ាប៊ីសាអូឌីត អេហ្ស៉ីប និងតួកគីយ៉េ ពិភាក្សាអំពីសង្រ្គាមមជ្ឈិមបូព៌ា (Video inside)

28-03-2026 21:59

(អ៉ីស្លាម៉ាបាដ)៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានឱ្យដឹងថា លោកបានជជែកតាមទូរស័ព្ទលម្អិត ជាមួយប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian នៅថ្ងៃសៅរ៍នេះ ខណៈដែលរដ្ឋមន្ត្រីការបរទេសមកពីអារ៉ាប៊ីសាអូឌីត អេហ្ស៉ីប និងតួកគីយ៉េ ត្រៀមជួបប្រជុំគ្នាក្នុងទីក្រុងអ៉ីស្លាម៉ាបាដ ដើម្បីពិភាក្សាអំពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ ២០២៦។

តាមក្រសួងការបរទេសប៉ាគីស្ថាន អ្នកការទូតមកពីទីក្រុង Riyadh, Cairo និង Ankara នឹងមកដល់រដ្ឋធានីប៉ាគីស្ថាននៅថ្ងៃអាទិត្យ និងថ្ងៃចន្ទ សម្រាប់ការពិភាក្សាស៉ីជម្រៅលើបញ្ហាជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងក្នុងតំបន់។ អ្នកការទូតទាំងអស់នឹងត្រូវបានស្វាគមន៍ដោយសមភាគីប៉ាគីស្ថាន ហើយកិច្ចប្រជុំជាមួយ លោក Sharif ក៏ត្រូវបានគ្រោងទុកផងដែរ។

ក្នុងពេលសន្ទនាជាមួយ លោក Pezeshkian ជាផ្នែកមួយនៃការត្រៀមសម្រាប់កិច្ចប្រជុំនេះ លោក Sharif បានរំលឹកឡើងវិញនូវការថ្កោលទោសយ៉ាងខ្លាំងរបស់ប៉ាគីស្ថានចំពោះការបន្តការវាយប្រហាររបស់អ៉ីស្រាអែលលើអ៉ីរ៉ង់ រួមទាំងការវាយប្រហារថ្មីៗនេះលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល ជាមួយការបញ្ជាក់ថានឹងចូលរួមជាមួយសហរដ្ឋអាមេរិក និងបណ្តាឈូងសមុទ្រ និងប្រទេសអ៉ីស្លាមដទៃទៀត ដើម្បីជួយសម្រួលដល់កិច្ចសន្ទនា និងបន្ធូរបន្ថយភាពតានតឹង។

គួរបញ្ជាក់ថា ទីក្រុងអ៉ីស្លាម៉ាបាដ មានទំនាក់ទំនងយូរអង្វែងជាមួយទីក្រុងតេហេរ៉ង់ និងទំនាក់ទំនងជិតស្និទ្ធនៅក្នុងប្រទេសឈូងសមុទ្រ ខណៈលោក Sharif និងប្រមុខកងទ័ព Field Marshal Asim Munir សុទ្ធតែធ្លាប់ទាក់ទងផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ៕