Washington ​Post៖ មន្ទីរបញ្ចកោណកំពុងត្រៀមប្រតិបត្តិការថ្មើរជើងនៅអ៉ីរ៉ង់ ដែលអាចនឹងចាយពេលច្រើនសប្ដាហ៍ (Video inside)

29-03-2026 09:57

(Reuters)៖ កាសែតអាមេរិក Washington ​Post កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាមន្ទីរបញ្ចកោណកំពុងត្រៀមប្រតិបត្តិការទាហានថ្មើរជើងនៅក្នុងប្រទេសអ៉ីរ៉ង់ ហើយដែលប្រតិបត្តិការនេះអាចនឹងចំណាយពេលច្រើនសប្ដាហ៍។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Washington ​Post បានឱ្យដឹងទៀតថាប្រតិបត្តិការថ្មើរជើងនឹងមិនមែនជាការឈ្លានពានទាំងស្រុង នោះទេ តែអាចជាប្រតិបត្តិការពិសេស និងមានការចូលរួមពីទាហានថ្មើរជើងធម្មតា។ ប៉ុន្តែថាតើលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងអនុម័តយល់ព្រមលើផែនការទាំងនេះឬក៏យ៉ាងណា មិនទាន់ច្បាស់នៅឡើយទេ ហើយក៏មិនទាន់មានការសម្រេចចិត្តចុងក្រោយនៅឡើយដែរ។

រដ្ឋបាលលោក ត្រាំ បានដាក់ពង្រាយទាហានម៉ារីនទៅកាន់តំបន់មជ្ឈិមបូព៌ា ខណៈសង្រ្គាមអ៉ីរ៉ង់ឈានចូលដល់សប្ដាហ៍ទី៥ ហើយក៏បានបញ្ជូនកងទ័ពឆត្រយោងមកពីកងពលឆត្រយោងទី៨២ ទៅកាន់តំបន់ផងដែរ៕