អតីតប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ អរគុណអ្នកគាំទ្រ ក្នុងសារលើបណ្ដាញទំនាក់ទំនងសង្គមជាលើកដំបូងចេញពីពន្ធនាគារអាមេរិក (Video inside)
29-03-2026 14:48
(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡាដែលត្រូវបានទម្លាក់ចេញពីអំណាច លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់លោកដែលត្រូវបានកងកម្លាំងអាមេរិកចូលទៅចាប់ខ្លួនទាំងយប់ក្នុងប្រតិបត្តិការ វាយប្រហារមួយលើវ៉េណេស៊ុយអេឡាកាលពីខែមករាកន្លងទៅ បានអរគុណទៅដល់ក្រុមអ្នកគាំទ្រជាលើកដំបូងនៅលើបណ្ដាញទំនាក់ទំនងសង្គមចេញពីពន្ធនាគារអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី Cilia Flores កំពុងជាប់ឃុំក្នុងពន្ធនាគារ Brooklyn អស់រយៈពេលជិត៣ខែមកហើយ បន្ទាប់ពីត្រូវកងកម្លាំងពិសេសអាមេរិកចូលទៅចាប់ខ្លួនអ្នកទាំង២ ក្នុងទីក្រុងការ៉ាកាស បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។ កន្លងមក លោក ម៉ាឌូរ៉ូ និងភរិយាត្រូវបានរាយការណ៍ថាមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អ៉ីនធើណិត ឬផ្ដល់បទសម្ភាសន៍ទៅឱ្យក្រុមសារព័ត៌មានឡើយ។
ក្នុងការបង្ហោះមួយលើគណនីបណ្ដាញទំនាក់ទំនងសង្គម X របស់លោក ម៉ាឌូរ៉ូ ប្ដីប្រពន្ធទាំង២នេះបានលើកឡើងដូច្នេះថា «យើងមានសុខភាពល្អ ស្មារតីល្អ និងកំពុងបន់ស្រន់ព្រះជាប្រចាំ... គ្រប់ពាក្យពេចន៍នៃក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នា គ្រប់កាយវិការនៃក្ដីស្រឡាញ់ និងគ្រប់ការគាំទ្របានធ្វើឱ្យពួកយើងមានស្មារតីរឹងមាំ»។
គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍មួយចំនួន លោក ម៉ាឌូរ៉ូ ត្រូវបានអនុញ្ញាតឱ្យធ្វើការទំនាក់ទំនងតាមទូរស័ព្ទតែជាមួយគ្រួសាររបស់លោក និងមេធាវីសម្រាប់រយៈពេលយូរបំផុត ១៥នាទីប៉ុណ្ណោះ ក្នុងការហៅទូរស័ព្ទម្ដង៕





