អ៉ីរ៉ង់ព្រមានអាមេរិកពីការវាយលុកតាមជើងគោក ខណៈមហាអំណាចក្នុងតំបន់ជួបប្រជុំគ្នានៅប៉ាគីស្ថាន ដើម្បីស្វែងរកសន្តិភាព

29-03-2026 19:58

(តេហេរ៉ង់)៖ នាថ្ងៃអាទិត្យនេះ ប្រទេសអ៉ីរ៉ង់បានប្រកាសថា ខ្លួនត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបទៅនឹងការវាយលុកតាមជើងគោកពីសំណាក់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា កំពុងរៀបចំផែនការវាយប្រហារតាមជើងគោក ខណៈដែលខ្លួនកំពុងព្យាយាមអូសទាញឱ្យមានការចរចា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការព្រមាននេះ ធ្វើឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសនៃប្រទេសប៉ាគីស្ថាន អារ៉ាប៊ីសាអូឌីត តួកគី និងអេហ្ស៊ីប បានជួបប្រជុំគ្នានៅទីក្រុងអ៊ីស្លាម៉ាបាដ ដើម្បីស្វែងរកមធ្យោបាយបញ្ឈប់សង្គ្រាមអាមេរិក-អ៉ីស្រាអែលលើអ៉ីរ៉ង់ ដែលមានរយៈពេលជាងមួយខែមកនេះ និងបានសម្លាប់មនុស្សរាប់ពាន់នាក់ព្រមទាំងបង្កការរាំងស្ទះដល់ការផ្គត់ផ្គង់ថាមពលពិភពលោក។ ប្រធានរដ្ឋសភាអ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានចោទប្រកាន់អាមេរិកថា កំពុងផ្ញើសារចង់ចរចា ប៉ុន្តែនៅពីក្រោយខ្នងបែរជាលួចរៀបចំបញ្ជូនកងទ័ពជើងគោកចូលក្នុងប្រទេសអ៉ីរ៉ង់ទៅវិញ។ លោកបានសង្កត់ធ្ងន់ថា «ដរាបណាអាមេរិកនៅតែស្វែងរកការចុះចាញ់របស់អ៉ីរ៉ង់ នោះយើងនឹងមិនទទួលយកភាពអាម៉ាស់ឡើយ»

គួរបញ្ជាក់ថា សង្គ្រាមដែលផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា ដោយកាលពីថ្ងៃសៅរ៍កន្លងទៅ ក្រុមហ៊ូទី (Houthis) នៅយេមែន ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់ បានបើកការវាយប្រហារលើអ៉ីស្រាអែលជាលើកដំបូង។ សកម្មភាពនេះ បង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការគំរាមកំហែងថ្មីដល់វិស័យដឹកជញ្ជូនតាមសមុទ្រពិភពលោក ដែលបច្ចុប្បន្នកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ដោយសារតែការបិទខ្ទប់ច្រកសមុទ្រ ហ័រមូស (Hormuz) ដែលជាសរសៃឈាមថាមពលរបស់ពិភពលោក៕