តម្លៃប្រេងហក់ដល់ ១១៦ដុល្លារក្នុងមួយបារែល ក្រោយអ៉ីរ៉ង់ចោទអាមេរិកថាកំពុងត្រៀមឈ្លានពានតាមជើងគោក (Video inside)

30-03-2026 09:54

(វ៉ាស៊ីនតោន)៖ តម្លៃប្រេងបានហក់ឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងពេលជិត ២សប្ដាហ៍មកនេះ ខណៈសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់កាន់តែឡើងកម្ដៅដោយមាន ការចូលរួមបន្ថែមពីក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ និងបន្ទាប់ពីទីក្រុងតេហេរ៉ង់ចោទសហរដ្ឋអាមេរិកថាកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន New York Times។

តម្លៃប្រេង Brent បានហក់ឡើង ៣ភាគរយ នៅព្រឹកថ្ងៃចន្ទ ទី៣០​ ខែមីនា ឆ្នាំ២០២៦ ឬស្មើនឹង ១១៦ដុល្លារក្នុងមួយបារែល។ នេះជាការឡើងថ្លៃខ្ពស់បំផុតមួយ ចាប់តាំងពីថ្ងៃទី១៩ ខែមីនា ជាពេលដែលតម្លៃប្រេងហក់ឡើងដល់ ១១៩ដុល្លារក្នុងមួយបារែល។

ការឡើងថ្លៃប្រេងនេះទៀតសោត កើតមានឡើងបន្ទាប់ពីអ៉ីរ៉ង់បាននិយាយថាសហរដ្ឋអាមេរិកកំពុងត្រៀមបើកការឈ្លានពានតាមជើងគោក ហើយប្រធានសភាអ៉ីរ៉ង់បានព្រមានថាតេហេរ៉ង់ នឹងធ្វើការឆ្លើយតបឱ្យបានខ្លាំងក្លា។ ព្រមពេលជាមួយគ្នា សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់ ក៏កាន់តែរីកធំផងដែរ ក្រោយក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន បានទទួលស្គាល់ថាខ្លួនបានបាញ់មីស៊ីលជាលើកដំបូងប្រឆាំងនឹងអ៉ីស្រាអែល ចាប់តាំងពីសង្រ្គាមអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈមក៕