កប៉ាល់ដឹកប្រេងរុស្ស៊ី ទៅដល់ប្រទេសគុយបា ខណៈទីក្រុងមូស្គូសន្យាជួយឧបត្ថម្ភ «មិត្ត» ទោះបីរងការគំរាមកំហែងពីអាមេរិក (Video inside)

30-03-2026 19:32

(ម៉ូស្គូ)៖ នាថ្ងៃចន្ទ ក្រសួងដឹកជញ្ជូនរុស្ស៊ី បានប្រកាសថា កប៉ាល់ដឹកប្រេងឆៅចំនួន ១០០,០០០តោន បានទៅដល់ប្រទេសគុយបាហើយ ដោយទីក្រុងមូស្គូបានសន្យាថា នឹងបន្តជួយឧបត្ថម្ភដល់មិត្តភក្តិរបស់ខ្លួន តាមរយៈការបញ្ជូនប្រេងបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិថាមពលនៅលើកោះដែលគ្រប់គ្រងដោយកុម្មុយនីស្តមួយនេះ ទោះបីជាមានការបិទខ្ទប់ពីសំណាក់សហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កប៉ាល់ Anatoly Kolodkin កំពុងរង់ចាំការទម្លាក់ប្រេងនៅកំពង់ផែ Matanzas ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់ថា រុស្ស៊ីមិនអាចព្រងើយកន្តើយចំពោះស្ថានភាពដ៏អស់សង្ឃឹមរបស់ប្រជាជនគុយបា ដែលកំពុងជួបបញ្ហាដាច់ចរន្តអគ្គិសនីទូទាំងប្រទេសបានឡើយ។ លោកបានបញ្ជាក់ថា «យើងនឹងបន្តធ្វើការលើបញ្ហានេះតទៅទៀត»។ គួរជម្រាបថា កាលពីថ្ងៃទី៣ ខែមករា សហរដ្ឋអាមេរិកបានផ្ដាច់ការនាំចេញប្រេងរបស់វេណេស៊ុយអេឡាទៅកាន់គុយបា បន្ទាប់ពីការផ្តួលរំលំអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានដាក់ទណ្ឌកម្មធ្ងន់ធ្ងរទៅលើប្រទេសណាក៏ដោយ ដែលហ៊ានបញ្ជូនប្រេងទៅកាន់គុយបា។

គួរបញ្ជាក់ថា គុយបាដែលធ្លាប់ពឹងផ្អែកលើអតីតសហភាពសូវៀតយ៉ាងខ្លាំងនោះ មិនបានទទួលនាវាដឹកប្រេងណាមួយឡើយក្នុងរយៈពេល ៣ខែកន្លងមកនេះ ដែលធ្វើឱ្យវិបត្តិថាមពលកាន់តែធ្ងន់ធ្ងរ រហូតដល់ប៉ះពាល់ដល់សុខភាព និងអាយុជីវិតរបស់អ្នកជំងឺមហារីក ជាពិសេសកុមារ។ ទោះបីជាលោក ត្រាំ បានបង្ហាញភាពទន់ភ្លន់ខ្លះៗកាលពីថ្ងៃអាទិត្យ ដោយសម្តែងការអាណិតអាសូរដល់តម្រូវការថាមពលរបស់ប្រជាជនគុយបាក្តី ប៉ុន្តែរុស្ស៊ីបានអះអាងថា ខ្លួនបានជជែកពិភាក្សាជាមួយភាគីអាមេរិកជាមុនរួចហើយ អំពីបញ្ហានាវាដឹកប្រេងនេះ ដោយចាត់ទុកថាវាជាកាតព្វកិច្ចក្នុងការជួយទ្រទ្រង់មិត្តភក្តិដែលកំពុងជួបការលំបាក៕