Wall Street Journal ៖ លោក ត្រាំ ប្រាប់ក្រុមមនុស្សជំនិតថាលោកចង់បញ្ចប់សង្រ្គាមអ៉ីរ៉ង់ ទោះច្រកសមុទ្រ Hormuz មិនបើកឡើងវិញ (Video inside)

31-03-2026 09:31

(វ៉ាស៊ីនតោន)៖ កាសែតអាមេរិក Wall Street Journal នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦ បានរាយការណ៍ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមនុស្សជំនិត របស់លោកថាលោកចង់បិទបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ បើទោះជាច្រកសមុទ្រ Hormuz នៅតែបន្តបិទក៏ដោយ ហើយចង់ដោះស្រាយបញ្ហាបើកច្រកសមុទ្រនេះឡើងវិញនៅពេលក្រោយ។

ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ Wall Street Journal បានឱ្យដឹងទៀតថាលោក ត្រាំ និងក្រុមមនុស្សជំនិតរបស់លោកជឿថា ប្រតិបត្តិការយោធាដើម្បីច្រកសមុទ្រ Hormuz អាចនឹងជំរុញឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់អូសបន្លាយពេលលើសកាលបរិច្ឆេទដែលលោកបានកំណត់ត្រឹម៤ ទៅ៦សប្ដាហ៍។ ប្រភពដដែលបន្ថែមថា លោក ត្រាំ មានជម្រើសយោធា តែជម្រើសទាំងនោះមិនមែនជាអាទិភាពបន្ទាន់នោះទេ។

បើតាម Wall Street Journal លោក ត្រាំ បានសម្រេចចិត្តថាសហរដ្ឋអាមេរិកគួរតែសម្រេចគោលដៅរបស់ខ្លួនក្នុងការវាយបំបាក់សមត្ថភាពកងទ័ពជើងទឹក និងមីស៊ីលរបស់អ៉ីរ៉ង់ ហើយ ក្រោយមកចាំបន្ធូរបន្ថយជម្លោះសន្សឹមៗ ខណៈបន្តដាក់សម្ពាធការទូតលើទីក្រុងតេហេរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ប៉ុន្តែប្រសិនបើមិនដំណើរការទេ នោះទីក្រុងវ៉ាស៊ីនតោន នឹងជំរុញឱ្យសម្ព័ន្ធមិត្តនៅអឺរ៉ុប និងតំបន់ឈូងសមុទ្រទទួលភារកិច្ចដោះស្រាយលើការបើកច្រកសមុទ្រនេះឡើងវិញ។

គួរបញ្ជាក់ថា ខាងសេតវិមានមិនបានអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ Wall Street Journal នោះទេ ប៉ុន្តែអ្នកនាំពាក្យលោកស្រី Karoline Leavitt បានប្រាប់ ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីឱ្យការធ្វើប្រតិបត្តិការនាវាចរណ៍ក្នុងតំបន់ច្រកសមុទ្រ Hormuz ត្រឡប់ទៅរកភាពប្រក្រតី៕