អេស្ប៉ាញ បិទដែនអាកាសចំពោះយន្តហោះអាមេរិក ដែលពាក់ព័ន្ធនឹងសង្រ្គាមអ៉ីរ៉ង់ (Video inside)

31-03-2026 11:16

(ម៉ាឌ្រីដ)៖ រដ្ឋមន្រ្តីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អេស្ប៉ាញបានបិទដែនអាកាសមិនឱ្យយន្តហោះអាមេរិក ដែលពាក់ព័ន្ធក្នុងការវាយប្រហារលើអ៉ីរ៉ង់​ហោះចូលបាននោះទេ ជាជំហានថ្មីមួយលើសពីអ្វីដែលអេស្ប៉ាញធ្លាប់បដិសេធ ចំពោះការស្នើសុំប្រើប្រាស់មូលដ្ឋានយោធារួម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

លោកស្រីប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងទីក្រុងម៉ាឌ្រីដ យ៉ាងដូច្នេះថា «យើង​មិន​អនុញ្ញាត​ឱ្យមានការ​ប្រើប្រាស់​មូលដ្ឋាន​យោធា ឬ​ដែនអាកាស​ សម្រាប់​សកម្មភាព​ទាក់ទង​នឹង​សង្គ្រាម​នៅ​អ៉ីរ៉ង់​ឡើយ»

កាសែតក្នុងស្រុករបស់អេស្ប៉ាញ El Pais បានរាយការណ៍ដំបូងគេថា ការសម្រេចបិទដែនអាកាសរបស់អេស្ប៉ាញ ដែលជាសមាជិកអង្គការណាតូ (NATO) គឺធ្វើឡើងចំពោះយន្តហោះយោធា ដែលចង់ឆ្លងកាត់ទៅកាន់គោលដៅនៅមជ្ឈិមបូព៌ា ប៉ុន្តែមិនរាប់បញ្ចូលស្ថានភាពគ្រាអាសន្នទេ។

គួរបញ្ជាក់ថា សង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បាននិងកំពុងរាលដាលទូទាំងមជ្ឈិមបូព៌ា។ ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយទីក្រុងម៉ាឌ្រីដ សម្រាប់ការបដិសេធឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពអេស្ប៉ាញ ក្នុងសង្គ្រាមនេះ៕