តម្លៃប្រេងសាំងនៅក្នុងសហរដ្ឋអាមេរិក ចេះតែកើនឡើង ចំពោះមុខសង្រ្គាមអ៉ីរ៉ង់ (Video inside)
31-03-2026 11:54
(New York)៖ ទិន្នន័យពីសេវាកម្មតាមដានតម្លៃថាមពល GasBuddy បង្ហាញថាតម្លៃលក់រាយប្រេងសាំងជាមធ្យម នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឡើងដល់ ៤ដុល្លារក្នុងមួយហ្គាឡុង (ជិត ៤លីត្រ) ខណៈសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ ធ្វើឱ្យទីផ្សារថាមពលពិភពលោកកាន់តែរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ ២០២៦។
នេះគឺជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំ ដែលប្រេងសាំងលក់រាយមានតម្លៃ ៤ដុល្លារក្នុងមួយហ្គាឡុង។ ទំនិញជាច្រើនប្រភេទនៅក្នុងសហរដ្ឋអាមេរិក ក៏កំពុងឡើងថ្លៃផងដែរ រួមទាំងប្រេងដែលប្រើសម្រាប់ផលិតសាំង បន្ទាប់ពីការបិទច្រកសមុទ្រ Hormuz ដោយអ៉ីរ៉ង់ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់របស់ពិភពលោក។
គិតចាប់ពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់នាចុងខែកុម្ភៈ តម្លៃប្រេងសាំងលក់រាយជាមធ្យមនៅអាមេរិក បានកើនឡើង ៣៦ភាគរយ។ តម្លៃប្រេងសាំងខ្ពស់ធ្វើឱ្យពលរដ្ឋអាមេរិកចាយវាយច្រើន។ នៅក្នុងការស្ទង់មតិដោយ Reuters និងក្រុមហ៊ុនស្រាវជ្រាវ Ipsos ៥៥ភាគរយនៃអ្នកឆ្លើយតប បាននិយាយថា ពួកគេត្រូវបន្ថែមការចំណាយ ដោយសារតែការកើនឡើងនៃតម្លៃឧស្ម័ន។ ក្នុងនោះ ២១ភាគរយ ថាវាបានប៉ះពាល់យ៉ាងខ្លាំងដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ៕







