នាវាយក្សរបស់ប្រទេសកូវ៉ែត ដឹកប្រេងចេញពីទីក្រុងឌូបៃ រងការវាយប្រហារពីអ៉ីរ៉ង់ (Video inside)

31-03-2026 16:05

(ឌូបៃ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ អ៉ីរ៉ង់បានវាយប្រហារ បណ្តាលឱ្យឆាបឆេះនាវាផ្ទុកប្រេងឆៅពេញមួយគ្រឿង ដែលត្រូវដឹកជញ្ជូនប្រេងចេញពីទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានថាអាមេរិកនឹងកម្ទេចរោងចក្រថាមពល និងអណ្តូងប្រេងអ៉ីរ៉ង់ ប្រសិនបើអ៉ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២៦។

ការវាយប្រហារនាវា Al-Salmi ដែលមានទង់ជាតិកូវ៉ែត គឺជាការវាយប្រហាថ្មីទៅលើនាវាពាណិជ្ជកម្ម និងជាការវាយប្រហារតាមអាកាសលើប្រទេសឈូងសមុទ្រ ក៏ដូចជាច្រកសមុទ្រ Hormuz ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។

នាវានោះអាច​ផ្ទុក​ប្រេង​បាន​ប្រហែល ២លាន​បារ៉ែល ​ដែល​មាន​តម្លៃ​ជាង ២០០លានដុល្លារ​។ ក្រុមហ៊ុន Kuwait Petroleum Corp ដែលជាម្ចាស់កប៉ាល់ បានឱ្យដឹងថាមានការខូចខាតដល់តួនាវា។ អាជ្ញាធរទីក្រុងឌូបៃនិយាយថា វាជាការវាយប្រហារដោយដ្រូន ហើយគ្មាន​សេចក្តីរាយការណ៍អំពីអ្នក​រង​របួស​​នោះទេ។

គួរបញ្ជាក់ថា សង្រ្គាមជាង ១ខែមកនេះ ខែបានរីករាលដាលពាសពេញមជ្ឈិមបូព៌ា សម្លាប់មនុស្សរាប់ពាន់នាក់ រំខានដល់ការផ្គត់ផ្គង់ថាមពល និងមានហានិភ័យធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលទៅក្នុងវិបត្តិ៕