ប្រភពទម្លាយថា បារាំងបដិសេធមិនអនុញ្ញាតឱ្យអ៉ីស្រាអែល ប្រើប្រាស់ដែនអាកាស ដើម្បីដឹកជញ្ជូនអាវុធអាមេរិកមកធ្វើសង្គ្រាមលើអ៉ីរ៉ង់ (Video inside)

31-03-2026 20:09

(ប៉ារីស)៖ យោងតាមអ្នកការទូតលោកខាងលិច និងប្រភពដែលដឹងពីបញ្ហានេះចំនួនពីររូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារថា ប្រទេសបារាំងបានបដិសេធមិនអនុញ្ញាតឱ្យអ៉ីស្រាអែល ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីដឹកជញ្ជូនអាវុធដែលទទួលបានពីអាមេរិក សម្រាប់បម្រើក្នុងសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់នោះទេ។

ប្រភពដដែលបានបញ្ជាក់ថា ការបដិសេធនេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដែលជាលើកទីមួយហើយដែលទីក្រុងប៉ារីស បានសម្រេចចិត្តបែបនេះ ចាប់តាំងពីជម្លោះនៅអ៉ីរ៉ង់បានផ្ទុះឡើង។ រហូតមកទល់ពេលនេះ ទាំងការិយាល័យប្រធានាធិបតី និងក្រសួងការបរទេសបារាំង នៅមិនទាន់មានការអត្ថាធិប្បាយណាមួយជុំវិញការទម្លាយព័ត៌មាននេះនៅឡើយទេ។

គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់បារាំងក្នុងពេលនេះ គឺជាសញ្ញាណនៃភាពតានតឹងកាន់តែខ្លាំងឡើង រវាងបណ្តាប្រទេសមហាអំណាចអឺរ៉ុប និងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល ជុំវិញប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ា ដែលកំពុងបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសេដ្ឋកិច្ចសកល៕