អ៉ីស្រាអែលថា ខ្លួននឹងកម្ទេចផ្ទះសម្បែងទាំងអស់នៅតាមព្រំដែនលីបង់ ដើម្បីបង្កើតតំបន់ទ្រនាប់ (Video inside)
31-03-2026 21:04
(ហ្សេរុយសាឡិម)៖ នាថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រកាសយ៉ាងដាច់អហង្ការថា យោធាអ៉ីស្រាអែលនឹងកម្ទេចផ្ទះសម្បែងទាំងអស់ នៅក្នុងភូមិដាច់ស្រយាលនៃប្រទេសលីបង់ ដែលស្ថិតនៅតាមបណ្តោយព្រំដែន ព្រមទាំងព្រមានថា ប្រជាជនលីបង់ជាង ៦០០,០០០នាក់ ដែលបានភៀសខ្លួនចេញពីតំបន់ភាគខាងត្បូង នឹងមិនត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញឡើយ រហូតទាល់តែភាគខាងជើងនៃប្រទេសអ៉ីស្រាអែលមានសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Katz បានបញ្ជាក់ជាថ្មីពីផែនការរបស់អ៉ីស្រាអែល ក្នុងការបង្កើត «តំបន់ទ្រនាប់» (Buffer zone) នៅក្នុងទឹកដីលីបង់ ដោយអះអាងថា អ៉ីស្រាអែលនឹងបន្តរក្សាការគ្រប់គ្រងលើផ្ទៃដីរហូតដល់ទន្លេ Litani បន្ទាប់ពីសង្គ្រាមជាមួយក្រុមហេសបូឡាត្រូវបានបញ្ចប់។ ចាប់តាំងពីអ៉ីស្រាអែលបើកប្រតិបត្តិការយោធាប្រឆាំងក្រុមហេសបូឡានៅថ្ងៃទី២ ខែមីនា ដែលផ្ទុះឡើងក្រោយក្រុមនេះបាញ់រ៉ុក្កែតចូលអ៉ីស្រាអែល ដើម្បីគាំទ្រអ៉ីរ៉ង់នោះមក ប្រជាជនលីបង់ជាង ១.២លាននាក់ បានក្លាយជាជនភៀសខ្លួន និងមានមនុស្សជាង ១,២០០នាក់បានស្លាប់។
គួរបញ្ជាក់ថា តំបន់ចន្លោះពីព្រំដែនអ៉ីស្រាអែល ដល់ទន្លេ Litani មានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ដែលគ្របដណ្តប់លើផ្ទៃដីជិត ១០ភាគរយនៃទឹកដីលីបង់។ យោធាអ៉ីស្រាអែល បានចេញបញ្ជាឱ្យអ្នកស្រុកជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូង ទីក្រុងបេរូត និងទីតាំងយុទ្ធសាស្ត្រនានានៅភាគខាងកើតលីបង់ជាបន្តបន្ទាប់ ដោយព្រមានថាពួកគេនឹងអនុវត្តយុទ្ធសាស្ត្របំផ្លាញចោលដូចអ្វីដែលបានធ្វើនៅហ្គាហ្សា ដើម្បីទប់ស្កាត់រាល់ការគំរាមកំហែងពីក្រុមហេសបូឡាទៅលើសហគមន៍អ៉ីស្រាអែល៕




