រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ ប៉ុន្មានថ្ងៃខាងមុខនេះ នឹងក្លាយជា «កត្តាសម្រេច» នៃសង្គ្រាមលើអ៉ីរ៉ង់

31-03-2026 21:26

(វ៉ាស៊ីនតោន)៖ នាថ្ងៃអង្គារ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ភីត ហេកសេត (Pete Hegseth) បានព្រមានថា រយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ នឹងក្លាយជាដំណាក់កាល «សម្រេចចិត្ត» នៃសង្គ្រាមប្រឆាំងនឹងអ៉ីរ៉ង់ ខណៈលោកបានជំរុញឱ្យទីក្រុងតេហេរ៉ង់ ត្រូវតែព្រមព្រៀងលើកិច្ចព្រមព្រៀងសន្តិភាពជាបន្ទាន់ បើមិនដូច្នេះទេ ជម្លោះនឹងកាន់តែរីកធំឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការព្រមានរបស់លោក ហេកសេត បានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៉ីរ៉ង់បានបើកការវាយប្រហារដោយដ្រូនលើនាវាដឹកប្រេង Al-Salmi ដែលដោតទង់ជាតិកូវ៉ែត នៅជិតទីក្រុងឌូបៃ។ នាវាដែលផ្ទុកប្រេងឆៅពីអារ៉ាប៊ីសាអូឌីត និងកូវ៉ែតសរុប ២លានបារ៉ែលនេះ បានរងការខូចខាតតួខ្លួន ប៉ុន្តែសំណាងល្អគ្មាននាវិកណាម្នាក់រងរបួសឡើយ។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានអះអាងថា ខ្លួនមានគោលបំណងវាយប្រហារលើកប៉ាល់កុងតឺន័រដែលជាប់ពាក់ព័ន្ធនឹងអ៉ីស្រាអែល ប៉ុន្តែហាក់ដូចជាបានវាយប្រហារច្រឡំគោលដៅ។

គួរបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលអ៉ីរ៉ង់ចោល ប្រសិនបើច្រកសមុទ្រហ័រមូស (Hormuz) មិនត្រូវបានបើកឱ្យដំណើរការឡើងវិញ។ ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់ចំៗទៅលើសម្ព័ន្ធមិត្តអឺរ៉ុបដូចជាបារាំង និងអង់គ្លេស ដែលមិនបានជួយអាមេរិកក្នុងសង្គ្រាមនេះ ដោយលោកបានប្រាប់ពួកគេឱ្យ «រៀនច្បាំងដោយខ្លួនឯង»។ លោក ហេកសេត បានបញ្ជាក់យ៉ាងដាច់អហង្ការថា «ក្នុងរយៈពេលតែមួយខែ យើងជាអ្នកកំណត់លក្ខខណ្ឌសង្គ្រាម... អ៉ីរ៉ង់ដឹងរឿងនេះច្បាស់ ហើយពួកគេស្ទើរតែគ្មានជម្រើសយោធាណាមួយដែលអាចតបតបានឡើយ»។

មកទល់ពេលនេះ សង្គ្រាមអូសបន្លាយចូលដល់ខែទី២ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កភាពវឹកវរដល់ទីផ្សារថាមពលសកលយ៉ាងធ្ងន់ធ្ងរ ខណៈតម្លៃប្រេងឆៅបានហក់ឡើងថ្លៃខ្លាំង បន្ទាប់ពីការវាយប្រហារលើនាវាដឹកប្រេង Al-Salmi៕