សម្តេចប៉ាប Leo សម្តែងក្តីរំពឹងថា លោក ត្រាំ នឹងស្វែងរកច្រកបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ (Video inside)

01-04-2026 11:54

(Castel Gandolfo, អ៉ីតាលី)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ សម្តេចប៉ាប Leo បានអំពាវនាវចំៗទៅកាន់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ឱ្យស្វែងរកច្រកបញ្ចប់សង្រ្គាមអ៉ីរ៉ង់ ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងតានតឹងដោយជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។

នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន ពីវិមាន Castel Gandolfo ក្បែរទីក្រុងរ៉ូម ប្រទេសអ៉ីតាលី សម្តេចប៉ាបមានព្រះបន្ទូលថា «ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ថា ថ្មីៗ​នេះ លោក​ប្រធានាធិបតី ត្រាំ និយយាថាលោក​ចង់​បញ្ចប់​សង្គ្រាម។ សង្ឃឹមថាគាត់ (លោក ត្រាំ) កំពុងស្វែងរកផ្លូវចេញពីសង្រ្គាម ហើយនឹង​រក​វិធី​កាត់​បន្ថយ​ទំហំនៃអំពើ​ហិង្សា»

សង្រ្គាមអ៉ីស្រាអែល-អាមេរិកជាមួយអ៉ីរ៉ង់ ជាង ១ខែមកនេះ បានរីករាលដាលពាសពេញតំបន់ សម្លាប់មនុស្សរាប់ពាន់នាក់ រំខានការផ្គត់ផ្គង់ថាមពល និងគំរាមកំហែងដល់ដំណើរការសេដ្ឋកិច្ចពិភពលោក។ សម្តេចប៉ាប Leo ដែលគេស្គាល់ថាមានការប្រុងប្រយ័ត្នពាក្យសម្តី កម្រនឹងធ្វើការអំពាវនាវចំៗទៅកាន់មេដឹកនាំជាតិបែបនេះណាស់ ប៉ុន្តែទ្រង់បានបង្កើនការរិះគន់អំពីសង្រ្គាមអ៉ីរ៉ង់ ក្នុងប៉ុន្មានរយៈពេលសប្តាហ៍ចុងក្រោយ៕