UN៖ ច្បាប់កាត់ទោសប្រហារជីវិតរបស់អ៉ីស្រាអែលប្រឆាំងជនជាតិប៉ាឡេស្ទីន បើអនុវត្តគឺស្មើនឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម (Video inside)
01-04-2026 13:53
(ហ្សឺណែវ)៖ កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា អង្គការសហប្រជាជាតិ (UN) បានរិះគន់ធ្ងន់ៗចំពោះការអនុម័តរបស់សភាអ៉ីស្រាអែល ចំពោះច្បាប់កាត់ទោសប្រហារជីវិតថ្មីមួយ ដោយព្រមានថា ការអនុវត្តច្បាប់នោះនៅក្នុងដែនដីប៉ាឡេស្ទីន គឺនឹងស្មើទៅនឹងការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោមច្បាប់ថ្មី ដែលអនុម័តដោយសភាអ៉ីស្រាអែល កាលពីថ្ងៃចន្ទ ជនជាតិប៉ាឡេស្ទីនរស់នៅក្នុងតំបន់ West Bank ដែលត្រូវតុលាការយោធាអ៉ីស្រាអែល រកឃើញមានពិរុទ្ធភាពពីបទធ្វើសកម្មភាពវាយប្រហារសម្លាប់មនុស្ស ដែលចាត់ថ្នាក់ជាអំពើភេរវកម្ម នឹងប្រឈមមុខការផ្តន្ទាទោសប្រហារជីវិតដោយស្វ័យប្រវត្តិ។
លោក Stephane Dujarric អ្នកនាំពាក្យអគ្គលេខាធិការ UN បាននិយាយថា ស្ថាប័នពិភពលោកនេះ ប្រឆាំងទោសប្រហារជីវិត ទោះក្នុងកាលៈទេសៈបែបណា ឬនៅទីណាក៏ដោយ ហើយលក្ខណៈរើសអើងនៃច្បាប់នេះ ធ្វើឱ្យវាមានភាពឃោរឃៅជាពិសេស ហេតុដូច្នេះលោកសំណូមពរឱ្យរដ្ឋាភិបាលអ៉ីស្រាអែល លុបវាចោលវិញ ហើយកុំអនុវត្ត។
គួរបញ្ជាក់ថា អ៉ីស្រាអែលធ្លាប់អនុវត្តទោសប្រហារជីវិតចំនួន២លើកគត់ គឺលើកទី១ កាលពីឆ្នាំ១៩៤៨ ដែលមិនយូរប៉ុន្មានក្រោយបង្កើតរដ្ឋ ប្រឆាំងមន្រ្តីយោធារបស់ខ្លួនម្នាក់ ដែលរងការចោទប្រកាន់ពីបទក្បត់ជាតិ និងលើកទី២ កាលពីឆ្នាំ១៩៦២ នៅពេលឧក្រិដ្ឋជនសង្រ្គាមនៃរបបណាហ្ស៉ីអាល្លឺម៉ង់ ឈ្មោះ Adolf Eichmann ត្រូវបានព្យួរក៕







