ចិន និងប៉ាគីស្ថាន លើកផែនការ ៥ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា (Video inside)
01-04-2026 16:25
(ប៉េកាំង)៖ ក្រៅពីអំពាវនាវរកការបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា ហើយចាប់ផ្តើមកិច្ចចរចាសន្តិភាព ចិន-ប៉ាគីស្ថាន កាលពីថ្ងៃអង្គារ ទី៣១ ខែមីនា បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការជាមួយអ៉ីរ៉ង់ និងបានលើកផែនការ ៥ចំណុចដើម្បីស្តារស្ថិរភាព ក្នុងតំបន់ឈូងសមុទ្រ និងតំបន់មជ្ឈិមបូព៌ាឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ផែនការ ៥ចំណុច ត្រូវបានលើកឡើងក្នុងជំនួបនៃរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar និងសមភាគីចិនលោក Wang Yi ក្នុងទីក្រុងប៉េកាំង។ តាមក្រសួងការបរទេសប៉ាគីស្ថាន រដ្ឋមន្រ្តីទាំងពីរបានយល់ស្របគ្នាលើផែនការនេះ ដោយផ្តើមពីការបញ្ឈប់អរិភាពសិន រួចចាប់ផ្តើមរៀបចំកិច្ចចរចា។
ផែនការនេះអំពាវនាវឱ្យភាគីនានា បញ្ឈប់ការវាយប្រហារលើជនស៉ីវិល និងគោលដៅមិនមែនយោធា ដូចជាហេដ្ឋារចនាសម្ព័ន្ធថាមពលជាដើម។ រីឯផ្លូវដឹកជញ្ជូន ក៏គួរតែត្រូវបានធានាចំពោះនាវាស៉ីវិល និងពាណិជ្ជកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz ផងដែរ។
គួរបញ្ជាក់ថា ចិន-ប៉ាគីស្ថាន ស្វែងរកការជួយសម្រុះសម្រួលជម្លោះនៅមជ្ឈិមបូព៌ា ដោយទីក្រុងអ៉ីស្លាម៉ាបាដ ថាខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះ កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់។ ចិនគឺជាដៃគូដ៏សំខាន់របស់អ៉ីរ៉ង់ ប៉ុន្តែមិនបានប្រកាសផ្តល់ជំនួយយោធា ដល់ទីក្រុងតេហេរ៉ង់នោះទេ ផ្ទុយទៅវិញបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានបទឈប់បាញ់៕








