អ៉ីរ៉ង់ បដិសេធទាំងស្រុងចំពោះការអះអាងរបស់លោក ត្រាំ ដែលថាទីក្រុងតេហេរ៉ង់ស្នើសុំបទឈប់បាញ់ (Video inside)
01-04-2026 22:20
(តេហេរ៉ង់)៖ នាថ្ងៃពុធនេះ អ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បានចេញមុខច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលថាប្រទេសអ៉ីរ៉ង់បានស្នើសុំសហរដ្ឋអាមេរិកឱ្យមានការប្រកាសបទឈប់បាញ់។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីថ្លែងការណ៍របស់លោក ត្រាំ គឺជារឿងមិនពិត និងគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ ការចេញមុខបដិសេធនេះ កើតឡើងក្រោយពេលលោក ត្រាំ បានបង្ហោះសារលើបណ្តាញសង្គម Truth Social មុននេះ ដោយអះអាងថា មេដឹកនាំថ្មីរបស់អ៉ីរ៉ង់បានទាក់ទងមកអាមេរិក ដើម្បីស្នើសុំបញ្ចប់សង្គ្រាម។
គួរបញ្ជាក់ថា ក្នុងគ្រាដែលសង្គ្រាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងនឹងអ៉ីរ៉ង់ នៅតែបន្តផ្ទុះការវាយប្រហារដាក់គ្នាយ៉ាងក្តៅគគុក ភាគីទាំងពីរហាក់ដូចជាកំពុងធ្វើសង្គ្រាមចិត្តសាស្ត្រដាក់គ្នាទៅវិញទៅមក ខណៈលោក ត្រាំ នៅតែបន្តដាក់លក្ខខណ្ឌតឹងរ៉ឹងថា អាមេរិកនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ដរាបណាអ៉ីរ៉ង់មិនព្រមបើកច្រកសមុទ្រ ហ័រមូស (Hormuz) ឱ្យដំណើរការឡើងវិញជាដាច់ខាត៕




