ម៉ាឡេស៊ី ចាប់ផ្ដើមអនុវត្តការហាមឃាត់ទាំងស្រុង លើការនាំចូលសំណល់អេឡិចត្រូនិក (Video inside)

02-04-2026 10:19

(គូឡាឡាំពួ)៖ អាជ្ញាធរគយរបស់ប្រទេសម៉ាឡេស៊ី បានចាប់ផ្ដើមពង្រឹងការអនុវត្ត​លើ​ការ​​ហាមឃាត់ទាំងស្រុងនូវការនាំចូលសំណល់អេឡេត្រូនិកចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ​២០២៦តទៅ ក្នុងគោលបំណងទប់ស្កាត់ការនាំចូលដោយខុសច្បាប់ដែល​កំពុង​បន្ត​បង្ក​ផលប៉ះពាល់ដល់ប្រទេសជាសមាជិកអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយ​ដោយ​​ទីភ្នាក់ងារសារព័ត៌មាន AFP។

សំណល់អេឡិចត្រូនិក ឬហៅថា E-waste ចង់សំដៅទៅលើឧបករណ៍អេឡិចត្រូនិក ដែលត្រូវបានគេបោះចោល រួមមានដូចជា ទូរសព្ទដៃ កុំព្យូទ័រ ទូរទស្សន៍ ថ្ម និងឧបករ​ណ៍​ប្រើប្រាស់ជាច្រើនទៀត។ ក្នុងមួយឆ្នាំៗ ពិភពលោកបានផលិតសំណល់អេឡិច​ត្រូ​និក​​រាប់សិបលានតោន ហើយក្នុងនោះមានសំណល់ឧបករណ៍អេឡិចត្រូនិក​ជាច្រើន​អាច​បញ្ចេញលោហធ្ងន់ និងសារធាតុគីមីផ្សេងទៀត ដែលបង្កផលវិបាកធ្ងន់ដល់​សុខ​ភាព​របស់មនុស្ស។ ជាឧទាហរណ៍៖ លោហៈធ្ងន់ ដូចជាជាតិសំណ និងបារតអាចបង្ក​ផល​ប៉ះពាល់ដល់ប្រព័ន្ធប្រសាទ និងការលូតលាស់របស់កុមារ។

បណ្ដាប្រទេសជាច្រើន ក្នុងនោះរួមមានទាំងម៉ាឡេស៊ី បានព្យាយាមហាមឃាត់ការ​នាំ​ចូល​សំណល់អេឡិចត្រូនិក ប៉ុន្តែការធូរលុងក្នុងការអនុវត្តច្បាប់ និងអំពើពុករលួយបាន​បើកឱកាសឱ្យ ឈ្នួញទុច្ចរិតបន្តស្វែងរកផលចំណេញ។ បើតាមស្ថាប័ន Basel Action Network ដែលធ្វើការពាក់ព័ន្ធនឹងការបង្ការទប់ស្កាត់សំណល់អេឡត្រូនិក មាន​សំណល់អេឡត្រូនិកជាង ៧៥០០កុងតឺន័រ ត្រូវបាននាំចូលក្នុងប្រទេសម៉ាឡេស៊ី ពីសហរដ្ឋអាមេរិកនៅចន្លោះពីខែមករា ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៥។

អាជ្ញាធរម៉ាឡេស៊ីកាលពីខែកុម្ភៈ បានសម្រេចចិត្តដាក់បម្រាមទាំងស្រុងលើការនាំ​ចូល​សំណល់អេឡិចត្រូនិក ដោយមិនមានករណីលើកលែង។ អគ្គនាយកគយម៉ាឡេស៊ី លោក Amran Ahmad បានឱ្យដឹងថាចាប់ពីថ្ងៃទី១ ខែមេសាតទៅ ការនាំចូល សំណល់​អេឡិចត្រូនិកចូលម៉ាឡេស៊ី នឹងត្រូវបានហាមឃាត់ទាំងស្រុង នៅគ្រប់ច្រក​ព្រំដែន​ទាំងអស់។

គួរបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី កាលពីពេលថ្មីៗនេះបានទទួលជោគជ័យក្នុងការ​បង្ក្រាប​ការនាំចូលសំណល់អេឡិចត្រូនិក ដោយអង្គភាពពិសេសបានស្ទាក់រឹបអូសសំណល់​អេ​ឡិចត្រូនិក ២៤២តោន អំឡុងប្រតិបត្តិការឆ្មក់ឆែកឆេរមួយកាលពីថ្ងៃទី៣០ ខែមីនា នៅឯកំពង់ផែ Klang ដែលជាកំពង់ផែដ៏ធំ និងមមាញឹកបំផុតរបស់ម៉ាឡេស៊ី៕