ប៉ូលិសអាមេរិកចាប់ខ្លួនបុរសម្នាក់ ជុំវិញការបង្ហោះសារលើ Facebook គំរាមសម្លាប់ប្រធានាធិបតី ដូណាល់ ត្រាំ

02-04-2026 14:12

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១ ខែមេសា ប៉ូលិសនៅសហរដ្ឋអាមេរិកបានឱ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់ ត្រូវបានចាប់ខ្លួន ពីបទគំរាមសម្លាប់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្រោយការបង្ហោះសារបន្តបន្ទាប់ជាច្រើន​ នៅលើបណ្តាញសង្គម Facebook។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

បុរសឈ្មោះ Andrew Emerald អាយុ៤៥ឆ្នាំ នៅរដ្ឋ Massachusetts ត្រូវប៉ូលិសអះអាងថា បានបង្ហោះសារចំនួន៨ នៅលើ Facebook កាលពីឆ្នាំមុន ដែលក្នុងខ្លឹមសារនៃសារទាំងនោះ គឺរូបលោកបានគំរាមបង្ករបួសនិងធ្វើឃាត លោក ត្រាំ។ ក្នុងសារមួយនោះ លោក Emerald បានសរសេរយ៉ាងដូច្នេះថា «លោក ត្រាំ ត្រូវតែស្លាប់និងកប់ក្នុងដី នៅត្រឹមឆ្នាំ២០២៦ បើពុំដូច្នោះទេ ខ្ញុំនឹងតាមប្រមាញ់គាត់ ហើយកប់គាត់ដោយខ្លួនឯង»។ រីឯក្នុងសារមួយទៀត បុរសរូបនេះ បានសរសេរថា «ខ្ញុំនឹងធ្វើឱ្យច្បាស់ថា អ្នកស្ថិតនៅរីសត Mar-a-Lago នៅពេលដែលខ្ញុំដុតកម្ទេចវាចោលទៅជាផេះ»។ លោក Emerald ត្រូវបានចាប់ខ្លួន ក្រោយរងការចោទប្រកាន់ជាផ្លូវការកាលពីខែមីនា ហើយប្រឈមការជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

គួរបញ្ជាក់ថា កន្លងមកនេះ ធ្លាប់មានករណីស្រដៀងគ្នាមួយចំនួន ពាក់ព័ន្ធការគំរាមកំហែងលើបណ្តាញសង្គមប្រឆាំងលោក ដូណាល់ ត្រាំ។ តួយ៉ាង កាលពីខែមីនា បុរសម្នាក់នៅរដ្ឋ Virginia ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារជាង២ឆ្នាំ ដោយសារបង្ហោះសារតាមអនឡាញ គំរាមសម្លាប់លោកប្រធានាធិបតីអាមេរិក។ លោក ត្រាំ ប៊ិះនឹងបាត់បង់ជីវិត កាលពីខែកក្កដា ឆ្នាំ២០២៤ នៅពេលខ្មាន់កាំភ្លើងម្នាក់ បានលបបាញ់ប្រហារលើរូបលោក អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋ Pennsylvania៕