រុស្ស៊ីត្រៀមស្នើសុំបទឈប់បាញ់ពីអាមេរិក និងអ៉ីស្រាអែល ដើម្បីជម្លៀសបុគ្គលិកនុយក្លេអ៊ែរចេញពីប្រទេសអ៉ីរ៉ង់ (Video inside)

02-04-2026 22:01

(ម៉ូស្គូ)៖ នាថ្ងៃព្រហស្បតិ៍ រុស្ស៊ីបានប្រកាសថា ខ្លួននឹងស្នើសុំឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែល គោរពតាមបទឈប់បាញ់ជាបណ្តោះអាសន្ន ដើម្បីធានាសុវត្ថិភាពដល់ការជម្លៀសបុគ្គលិកនៃសាជីវកម្មថាមពលនុយក្លេអ៊ែររុស្ស៊ី (Rosatom) ចេញពីរោងចក្រនុយក្លេអ៊ែរ Bushehr ក្នុងប្រទេសអ៉ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA។

លោក Alexei Likhachev ប្រធានសាជីវកម្ម Rosatom បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន RIA ថា «យើងនឹងបញ្ជូនផ្លូវធ្វើដំណើរទៅកាន់អាជ្ញាធរពាក់ព័ន្ធនៅអ៉ីស្រាអែល និងសហរដ្ឋអាមេរិក ហើយយើងនឹងប្រើប្រាស់រាល់បណ្តាញទំនាក់ទំនងទាំងអស់ ដើម្បីទាមទារឱ្យមានការគោរពបទឈប់បាញ់យ៉ាងតឹងរ៉ឹង ក្នុងអំឡុងពេលដែលក្បួនជម្លៀសរបស់យើងកំពុងធ្វើដំណើរ»។

លោក Likhachev បានឱ្យដឹងទៀតថា «រលកនៃការជម្លៀសចុងក្រោយ» ដែលមានមនុស្សប្រមាណ ២០០នាក់ គ្រោងនឹងអនុវត្តនៅសប្តាហ៍ក្រោយ។ គួរជម្រាបថា រោងចក្រនុយក្លេអ៊ែរ Bushehr ត្រូវបានសាងសង់ឡើងដោយប្រទេសរុស្ស៊ី ហើយបុគ្គលិក Rosatom កំពុងបន្តសាងសង់អង្គភាពបន្ថែមនៅទីនោះ។ ការជម្លៀសនេះ ធ្វើឡើងស្របពេលដែលជម្លោះសង្គ្រាមរវាងសម្ព័ន្ធមិត្តអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ កំពុងបន្តការវាយប្រហារយ៉ាងសន្ធឹកសន្ធាប់ ដែលបង្កឱ្យមានក្តីបារម្ភយ៉ាងខ្លាំងពីការគំរាមកំហែងដល់សន្តិសុខនុយក្លេអ៊ែរនៅក្នុងតំបន់៕