អ៊ីរ៉ង់ប្តេជ្ញាវាយប្រហារ «កម្ទេច» អាមេរិក ក្រោយលោក ត្រាំ គំរាមទម្លាក់គ្រាប់បែកឱ្យធ្លាក់ដល់ «យុគសម័យថ្ម»
02-04-2026 22:50
(តេហេរ៉ង់)៖ ប្រទេសអ៊ីរ៉ង់នៅថ្ងៃព្រហស្បតិ៍នេះ បានគំរាមបើកការវាយប្រហារដ៏ «កម្ទេច» ទៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដោយបានបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ទៅលើទីក្រុង Tel Aviv ភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថានឹងទម្លាក់គ្រាប់បែកលើសាធារណរដ្ឋឥស្លាមមួយនេះឱ្យធ្លាក់ទៅដល់ «យុគសម័យថ្ម» វិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងសុន្ទរកថាពិសេសរយៈពេល ១៩នាទីពីសេតវិមាន លោក ត្រាំ បានថ្លែងថា អាមេរិក «ខិតជិតបំផុត» ក្នុងការសម្រេចគោលដៅរបស់ខ្លួន ប៉ុន្តែបានព្រមានថាការវាយប្រហារនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមចូលតុចរចាបញ្ចប់សង្គ្រាម។ លោកបានបញ្ជាក់យ៉ាងដាច់ណាត់ថា «ក្នុងរយៈពេល ២ ទៅ ៣សប្តាហ៍ខាងមុខ យើងនឹងនាំពួកគេត្រឡប់ទៅយុគសម័យថ្មវិញ ដែលជាកន្លែងដែលពួកគេស័ក្តិសម»។
ការឆ្លើយតបរបស់អ៊ីរ៉ង់កើតឡើងភ្លាមៗ ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលត្រូវដំណើរការយ៉ាងសកម្ម ដើម្បីទប់ទល់នឹងមីស៊ីល ខណៈមនុស្ស ៤នាក់បានរងរបួសស្រាលនៅតំបន់ Tel Aviv ជាទីដែលពលរដ្ឋជ្វីហ្វកំពុងបង្ខំចិត្តប្រារព្ធពិធីបុណ្យ Passover នៅក្នុងរូងក្រោមដី។
ទន្ទឹមនឹងនេះ មជ្ឈមណ្ឌលបញ្ជាការយោធាអ៊ីរ៉ង់ Khatam Al-Anbiya បានចេញសេចក្តីថ្លែងការណ៍តាមទូរទស្សន៍រដ្ឋ ដោយព្រមានអាមេរិក និងអ៊ីស្រាអែលឱ្យត្រៀមខ្លួនទទួលរង «សកម្មភាពកម្ទេច ទូលំទូលាយ និងបំផ្លិចបំផ្លាញជាងមុន» ដោយសង្កត់ធ្ងន់ថាសង្គ្រាមនឹងបន្តរហូតទាល់តែសត្រូវចុះចាញ់ និងទទួលរងភាពអាម៉ាស់៕






