គុយបា ដង្ហែក្បួនដោយជិះកង់ និងកង់បីអគ្គិសនី ដើម្បីសម្តែងការជំទាស់នឹងទណ្ឌកម្មអាមេរិក (Video inside)

03-04-2026 10:40

(ឡាហាវ៉ាន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ សកម្មជនគុយបា បានដង្ហែរក្បួនដោយជិះកង់ និងកង់បីអគ្គិសនី តាមបណ្តោយមហាវិថីមាត់ទន្លេនៃរដ្ឋធានីឡាហាវ៉ាន រួមជាមួយប្រធានាធិបតីគុយបា លោក Miguel Diaz-Canel ដើម្បីសម្តែងការជំទាស់ នៅពេលដែលសហរដ្ឋអាមេរិក ប្រឹងប្រែងធ្វើឱ្យប្រទេសនេះលែងមានប្រេងឥន្ធនៈសម្រាប់ប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦។

ក្រុមអ្នកចូលរួមក្បួនដង្ហែរៀបចំដោយរដ្ឋាភិបាល បានជិះកាត់ស្ថានទូតអាមេរិកប្រចាំរដ្ឋធានីឡាហាវ៉ាន។ យានអគ្គិសនីរបស់ពួកគេមានចង់ទង់ជាតិ និងបដាដែលសរសេរបរិហារទណ្ឌកម្មអាមេរិកលើគុយបា ដែលដាក់ចេញដោយរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ។

ការប្រមូលផ្តុំគ្នានេះបានកើតឡើង មួយថ្ងៃបន្ទាប់ពីអ្នកការទូតកំពូលរបស់គុយបា នៅក្នុងទីក្រុងវ៉ាស៉ីនតោន ប្រកាសជាសាធារណៈឱ្យរដ្ឋាភិបាលអាមេរិក ជួសជុលសេដ្ឋកិច្ចគុយបាដែលកំពុងរងគ្រោះ ជាផ្នែកមួយនៃការចរចាដែលកំពុងបន្ត និងដែលមិនទាន់មានលទ្ធផល។ អ្នក​ចូល​រួម​ដង្ហែក្បួន បាន​និយាយ​ថា ពួក​គេ​ពេញ​ចិត្តនឹង​ការ​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​ទាមទារឱ្យមាន​ការ​គោរព​ចំពោះ​គុយបា។

គួរបញ្ជាក់ថា ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ ដែលគំរាមយកពន្ធលើប្រទេសនាំចេញប្រេងទៅកាន់គុយបា និងបានហាមប្រាមការនាំចូលប្រេងរុស្ស៉ី បាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងដោតទង់ជាតិរុស្ស៉ី ចូលចតនៅកំពង់ផែ Matanzas របស់គុយបា សម្រាប់ហេតុផលមនុស្សធម៌៕