ហ្វីលីពីនទទួលបានការធានាពីអ៉ីរ៉ង់ សម្រាប់ឱ្យកប៉ាល់របស់ខ្លួនឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព (Video inside)
03-04-2026 14:28
(ម៉ានីល)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា ហ្វីលីពីនទទួលបានការធានាពីអ៉ីរ៉ង់ថា ទីក្រុងតេហេរ៉ង់នឹងអនុញ្ញាតឱ្យកប៉ាល់ ប្រេង ក៏ដូចជានាវិករបស់ហ្វីលីពីន ធ្វើដំណើរដោយសុវត្ថិភាពកាត់តាមច្រកសមុទ្រ Hormuz។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការធានាដូចខាងលើកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro បានសន្ទនាជាមួយសមភាគីអ៉ីរ៉ង់ លោក Abbas Araqchi ដោយប្រមុខការទូតទាំងពីរ បានពិភាក្សាផ្តោតជាចម្បងលើបញ្ហាសន្តិសុខនៃការផ្គត់ផ្គង់ថាមពល និងសុវត្ថិភាពរបស់នាវិកហ្វីលីពីន។
ក្រសួងការបរទេសហ្វីលីពីន បាននិយាយថា អំឡុងកិច្ចសន្ទនាទូរសព្ទ លោករដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ បានធានាប្រាប់លោកស្រី Lazaro ថា អ៉ីរ៉ងនឹងអនុញ្ញាតឱ្យកប៉ាល់ ប្រភពថាមពល និងនាវិកហ្វីលីពីនទាំងអស់ ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព គ្មានការរារាំង និងឆាប់រហ័ស។
គួរបញ្ជាក់ថា ហ្វីលីពីននាំចូលប្រេងឆៅរបស់ខ្លួនសឹងតែ១០០ភាគរយមកពីតំបន់មជ្ឈិមបូព៌ា ដោយមានអារ៉ាប៊ីសាអូឌីត ជាអ្នកផ្គត់ផ្គង់ធំជាងគេបង្អស់។ ហេតុនេះហើយ សង្រ្គាមដែលកំពុងឆាបឆេះនៅតំបន់នោះ បាននិងកំពុងធ្វើឱ្យហ្វីលីពីនទទួលរងផលប៉ះពាល់ខ្លាំងពីការហក់ឡើងខ្ពស់នៃតម្លៃប្រេង និងការរំខានចំពោះការផ្គត់ផ្គង់៕





