មេដឹកនាំរបបយោធានៅប្រទេសបួគីណាហ្វាសូនៃទ្វីបអាហ្រ្វិក ប្រាប់ឱ្យប្រជាជនបំភ្លេចលទ្ធិប្រជាធិបតេយ្យ និងថាប្រជាធិបតេយ្យនាំឱ្យស្លាប់បាត់បង់ជីវិតមនុស្ស (Video inside)
03-04-2026 18:02
(អៅហ្កាឌូហ្គូ)៖ មេដឹកនាំយោធានៅប្រទេសបួគីណាហ្វាសូនៃទ្វីបអាហ្រ្វិក ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២២ បាននិយាយថា ប្រជាជនគួរតែបំភ្លេចលទ្ធិប្រជាធិបតេយ្យចោលទៅ ហើយថាប្រជាធិបតេយ្យនាំឱ្យមានការស្លាប់បាត់បង់ជីវិតមនុស្ស ខណវាគឺជាសញ្ញាមួយបង្ហាញថា រូបលោកមានមហិច្ឆតាចង់បន្តគ្រប់គ្រងប្រទេសយូរអង្វែងទៅមុខទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣ ខែមេសា ឆ្នាំ២០២៦។
រដ្ឋាភិបាលយោធារបស់លោក Ibrahim Traore ដំបូងឡើយបានសន្យារៀបចំការបោះឆ្នោតសកល កាលពីឆ្នាំ២០២៤ ក៏ប៉ុន្តែត្រឹម១ឆ្នាំក្រោយរដ្ឋប្រហារ លោកបានប្រែក្រឡាស់សម្តីវិញថា នឹងពុំមានការបោះឆ្នោតទេ រហូតទាល់តែប្រទេសមួយនេះ ដែលបានជួបការលំបាកជាងមួយទសវត្សរ៍មកហើយ ក្នុងការបង្រ្កាបសកម្មភាពបះបោររបស់ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងជាមួយពួក al Qaeda និង ISIS មានសន្តិសុខរឹងមាំគ្រប់គ្រាន់ សម្រាប់ឱ្យប្រជាជនអាចបោះឆ្នោតដោយសុវត្ថិភាព។
នៅពេលត្រូវបានសាកសួរអំឡុងវេទិកាពិភាក្សាតុមូលជាមួយក្រុមអ្នកសារព័ត៌មាន ដែលផ្សាយលើកញ្ចក់ទូរទស្សន៍កាលពីថ្ងៃព្រហស្បតិ៍ លោក Traore បាននិយាយថា រដ្ឋាភិបាលយោធារបស់លោក កំពុងផ្តោតលើបញ្ហាប្រឈមដទៃទៀត។ លោកបានលើកឡើងយ៉ាងដូច្នេះថា «គ្រប់គ្នាត្រូវឈប់គិតអំពីបញ្ហាលទ្ធិប្រជាធិបតេយ្យទៀតទៅ។ យើងចាំបាច់ត្រូវនិយាយការពិត នោះគឺប្រជាធិបតេយ្យ មិនសក្តិសមសម្រាប់ពួកយើងទេ»។ ដោយលើកឧទាហរណ៍ពីប្រទេសលីប៊ី ជាទីដែលលោកនិយាយថា កម្លាំងខាងក្រៅបានព្យាយាមអនុវត្តលទ្ធិប្រជាធិបតេយ្យដោយបង្ខំ រូបលោកបានបន្ថែមទៀត ប្រជាធិបតេយ្យនាំមានការស្លាប់បាត់បង់ជីវិតមនុស្ស។
រដ្ឋាភិបាលយោធារបស់លោក Traore បានរំលាយគណបក្សនយោបាយនានាចោលទាំងអស់ កាលពីខែមករា ដើមឆ្នាំ២០២៦នេះ បន្ទាប់ពីហាមឃាត់ការធ្វើសកម្មភាពនយោបាយ។ កាលពីមុនរដ្ឋប្រហារ ប្រទេសអាហ្រ្វិកមួយនេះ មានគណបក្សនយោបាយចុះបញ្ជីសរុបច្រើនជាង១០០ ក្នុងនោះ១៥គណបក្សមានអាសនៈនៅក្នុងសភា ក្រោយការបោះឆ្នោតសកលឆ្នាំ២០២០។
គួរបញ្ជាក់ថា ប្រទេសជិតខាងដូចជាម៉ាលីនិងនីហ្សេ ក៏កំពុងស្ថិតក្រោមរបបយោធាដែរ ក្រោយមានរដ្ឋប្រហារដណ្តើមអំណាច ហើយបានរំលាយគណបក្សនយោបាយនានាចោល ស្រដៀងគ្នា។ ការបះបោរដោយក្រុមសកម្មប្រយុទ្ធ នៅក្នុងប្រទេសទាំង៣ បានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្ខំឱ្យរាប់លាននាក់ត្រូវរត់ភៀសខ្លួន អំឡុងរយៈពេលជាងមួយទសវត្សរ៍មកនេះ៕






