សម្តេចប៉ាប អំពាវនាវដល់ប្រធានាធិបតីអ៉ីស្រាអែល តាមទូរស័ព្ទឱ្យបញ្ចប់សង្គ្រាមជាមួយអ៉ីរ៉ង់ (Video inside)

03-04-2026 18:59

(បុរីវ៉ាទីកង់)៖ នាថ្ងៃសុក្រ សម្តេចប៉ាប លីអូ (Pope Leo) បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៉ីស្រាអែល លោក Isaac Herzog ដោយបានអំពាវនាវឱ្យលោក «បើកផ្លូវចរចាឡើងវិញ» ដើម្បីឈានទៅរកការបញ្ចប់សង្គ្រាមជាមួយប្រទេសអ៉ីរ៉ង់។ នេះបើតាមការបញ្ជាក់ពីបុរីវ៉ាទីកង់ ដែលបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សម្តេចប៉ាប ដែលបានក្លាយជាអ្នករិះគន់យ៉ាងចំហរចំពោះជម្លោះក្នុងតំបន់នេះ ក៏បានទទូចឱ្យប្រធានាធិបតីអ៉ីស្រាអែល ត្រូវចាត់វិធានការការពារជនស៊ីវិល និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌។

គួរបញ្ជាក់ថា ការសន្ទនានេះបានកើតឡើងចំពេលដែលសង្គ្រាមបានអូសបន្លាយចូលដល់សប្តាហ៍ទី៤ ដោយមិនទាន់មានសញ្ញាណនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមនៅឡើយ។ បុរីវ៉ាទីកង់ បានបន្តជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការអំពាវនាវរកសន្តិភាព ខណៈដែលសម្តេចប៉ាប លីអូ បានរិះគន់ជាបន្តបន្ទាប់ទៅលើភាពហឹង្សានានាដែលបង្កឱ្យមានមហន្តរាយដល់ជីវិតមនុស្សស្លូតត្រង់ និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់មជ្ឈិមបូព៌ា៕