អ៉ីរ៉ង់វាយប្រហារចំរោងចក្រចម្រាញ់ប្រេង និងរោងចក្រចម្រាញ់ទឹកក្នុងប្រទេសកូវ៉ែត ព្រមទាំងបង្កការបំផ្លិចបំផ្លាញនៅ UAE (Video inside)
03-04-2026 19:48
(គុយវ៉ែត)៖ នាថ្ងៃសុក្រនេះ ក្រុមហ៊ុនប្រេងកូវ៉ែត (Kuwait Petroleum Corporation) បានប្រកាសថា រោងចក្រចម្រាញ់ប្រេង Mina Al-Ahmadi របស់ខ្លួនត្រូវបានវាយប្រហារដោយដ្រូន ដែលបង្កឱ្យមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៉ុន្តែពុំមានសេចក្តីរាយការណ៍អំពីជនរងគ្រោះថ្នាក់នោះទេ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញសារព័ត៌មានអន្តរជាតិ។
ក្រៅពីរោងចក្រចម្រាញ់ប្រេង ក្រសួងអគ្គិសនី និងទឹករបស់កូវ៉ែត ក៏បានរាយការណ៍ដែរថា រោងចក្រផលិតថាមពល និងចម្រាញ់ទឹក ក៏រងការវាយប្រហារពីសំណាក់អ៉ីរ៉ង់ផងដែរ ដែលបណ្តាលឱ្យមានការខូចខាតផ្នែកសម្ភារៈយ៉ាងដំណំ។
ស្របពេលជាមួយគ្នានេះ នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) វិញ អាជ្ញាធរទីក្រុងអាប៊ូដាប៊ី បានប្រកាសផ្អាកប្រតិបត្តិការនៅមជ្ឈមណ្ឌលឧស្ម័ន Habshan ជាបណ្តោះអាសន្ន បន្ទាប់ពីកម្ទេចកម្ទីពីការបាញ់ស្ទាក់ដ្រូនរបស់អ៉ីរ៉ង់ បានធ្លាក់ចុះមកលើទីតាំងនេះ។ ហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្ស ១២នាក់រងរបួស។ ដោយឡែក នៅឯប្រទេសបារ៉ែនវិញ សំឡេងស៉ីរ៉ែនប្រកាសអាសន្នបានបន្លឺឡើងពេញទីក្រុង ដោយអាជ្ញាធរបានអំពាវនាវឱ្យពលរដ្ឋស្វែងរកទីតាំងសុវត្ថិភាពជាបន្ទាន់។




