សហរដ្ឋអាមេរិក ក៏ដូចជាអ៉ីរ៉ង់ កំពុងតាមរកសមាជិកពីឡុតយន្តហោះ F-15 ម្នាក់ ដែលបាត់ខ្លួនក្រោយយន្តហោះត្រូវអ៉ីរ៉ង់បាញ់ទម្លាក់ (Video inside)

04-04-2026 13:36

(តេហេរ៉ង់)៖ នាថ្ងៃសៅរ៍នេះ កងកម្លាំងអ៉ីរ៉ង់ និងកងកម្លាំងរបស់សហរដ្ឋអាមេរិក កំពុងស្វែរកសមាជិកម្នាក់នៃអ្នកបេីកយន្តហោះចម្បាំងអាមេរិកដំបូងគេដែលធ្លាក់នៅខាងក្នុងប្រទេសអ៉ីរង់ គិតចាប់តាំងពីផ្ទុះសង្គ្រាម។ នេះបេីយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី៤ ខែមេសា ឆ្នាំ ២០២៦។

ទីក្រុងតេហេរង់ អះអាងថាខ្លួនបានបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ខណៈប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថាកងកម្លាំងពិសេសអាមេរិកបានជួយសង្គ្រោះអ្នកបេីកយន្តហោះម្នាក់ក្នុងចំណោមពីរនាក់ ហើយម្នាក់ទៀតនៅតែបាត់ខ្លួន។

ទីបញ្ជាការកណ្តាលយោធាអាមេរិក មិនទាន់ឆ្លើយតបចំពោះសំណើសុំការអត្ថាធិប្បាយអំពីការបាត់បង់យន្តហោះ F-15 នេះទេ ប៉ុន្តែអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា លោកប្រធានាធិបតីបានផ្តល់ព័ត៌មានសង្ខេប។ លោក ដូណាល់ ត្រាំ បានប្រាប់ NBC ថាការបាត់បង់ F-15 នឹងមិនប៉ះពាល់ដល់ការចរចាជាមួយអ៉ីរ៉ង់ទេ។

បេីតាមអ្នកនាំពាក្យទីបញ្ជាការប្រតិបត្តិការកណ្តាលយោធាអ៉ីរ៉ង់ យន្តហោះចម្បាំងអាមេរិកត្រូវបានធ្វេីឱ្យខូចខាតដោយប្រព័ន្ធការពារដែនអាកាសដ៏ទំនើបរបស់កម្លាំងទ័ពអាកាសនៃឆ្មាំបដិវត្តន៍ IRGC។

គួរបញ្ជាក់ថា សង្រ្គមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ បានបង្កការរំខានជាងមួយខែមកហេីយ និងកំពុងរាលដាលនៅមជ្ឈិមបូព៌ា ដោយមនុស្សជាច្រេីនបានស្លាប់ សេដ្ឋកិច្ចពិភពលោករងការប៉ះទង្គិច និងប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក៕