អាមេរិក អ៉ីរ៉ង់ និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ កំពុងជំរុញបទឈប់បាញ់៤៥ថ្ងៃ ខណៈជាសាធារណៈលោក ត្រាំ និងយោធាអ៉ីរ៉ង់ កំពុងបង្កើនការគំរាមដាក់គ្នាយ៉ាងតឹងសរសៃក (Video inside)

06-04-2026 09:58

(មជ្ឈិមបូព៌ា)៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios ដោយផ្អែកលើប្រភពពីអាមេរិក អ៉ីស្រាអែល និងពីក្នុងតំបន់ បានរាយការណ៍ថា សហរដ្ឋអាមេរិក អ៉ីរ៉ង់ និងក្រុមអ្នកសម្រុះសម្រួលក្នុងតំបន់ កំពុងតែព្យាយាមចរចាអំពីលក្ខខណ្ឌ សម្រាប់បទឈប់បាញ់មួយ មានរយៈពេល៤៥ថ្ងៃ ដែលអាចនាំទៅរកការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

សេចក្តីរាយការណ៍ខាងលើ បាននិយាយថា ភាគីចរចាកំពុងតែជជែកអំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមួយចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺបទឈប់បាញ់៤៥ថ្ងៃ ហើយអំឡុងពេលនោះ ការបិទបញ្ចប់សង្រ្គាមជាអចិន្រ្តៃយ៍ នឹងត្រូវចរចា។ រីឯដំណាក់កាលទី២ គឺកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមជាផ្លូវការ។ រយៈពេលបទឈប់បាញ់ អាចពន្យារបាន ប្រសិនបើត្រូវការពេលវេលាបន្ថែម សម្រាប់ការចរចា។

គួរបញ្ជាក់ថា នាថ្ងៃចន្ទនេះ បញ្ជាការដ្ឋានកណ្តាលរបស់យោធាអ៉ីរ៉ង់ បានព្រមានថា ខ្លួននឹងធ្វើការសងសឹកកាន់តែខ្លាំងក្លាជាងមុន​ទៅទៀត ប្រសិនបើសត្រូវហ៊ានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៉ីវិល នៅក្នុងប្រទេសអ៉ីរ៉ង់។ ការព្រមាននោះ ធ្វើឡើងបន្ទាប់ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៉ីវិលនិងថាមពលរបស់អ៉ីរ៉ង់ឱ្យខ្ទេចគ្មានសល់ ដោយទាមទារឱ្យទីក្រុងតេហេរ៉ង់ ឱនក្បាលទទួលយកការទាមទាររបស់លោក ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ ដល់ត្រឹម​ម៉ោង៨យប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយបើគ្មានកិច្ចព្រមព្រៀងទេនោះ លោកថាអ៉ីរ៉ង់នឹងត្រូវប្រឈមមុខជាមួយផលវិបាក ប្រៀបដូចជាឋាននរក៕