សភាវៀតណាម បើកសម័យប្រជុំដើម្បីបោះឆ្នោតទទួលស្គាល់ថ្នាក់ដឹកនាំថ្មី បន្ទាប់ពីតំណែងទាំងនេះ ត្រូវបានកំណត់រួចជាស្រេច ដោយបក្សកុម្មុយនីស្ត (Video inside)

06-04-2026 10:53

(ហាណូយ)៖ នាថ្ងៃចន្ទនេះ សភានៃប្រទេសវៀតណាម បានចាប់ផ្តើមបើកសម័យប្រជុំថ្មីរបស់ខ្លួន ហើយនឹងមានការបោះឆ្នោតទទួលស្គាល់​ថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស ជាតំណែងដែលត្រូវបានជ្រើសរើសរួចជាស្រេច ដោយគណបក្សកុម្មុយនីស្ត ប៉ុន្តែមិនទាន់ត្រូវបានប្រកាសជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

រដ្ឋសភាវៀតណាម ដែលមាន៥០០អាសនៈ មានតួនាទីជាចម្បងគ្រាន់តែផ្តល់សច្ចាប័ន ចំពោះការសម្រេចចិត្តដែលធ្វើឡើងដោយ​បក្សកុម្មុយនីស្តប៉ុណ្ណោះ ប៉ុន្តែពេលខ្លះ សភាក៏ធ្វើវិសោធនកម្មការកែសម្រួលច្បាប់ផងដែរ។ សមាជិកថ្មីរបស់សភា ត្រូវបានបោះឆ្នោត​ជ្រើសរើសកាលពីខែមុន ដោយបក្សកុម្មុយនីស្តគ្រប់គ្រង៩៧ភាគរយនៃអាសនៈ។ ក្រុមសមាជិកសភាថ្មីទាំងនេះ ត្រូវបានរំពឹងថា នឹងបោះឆ្នោតទទួលស្គាល់ថ្នាក់ដឹកនាំកំពូលៗ ដែលត្រូវបានកំណត់ជ្រើសរើស អំឡុងមហាសន្និបាតបក្សកុម្មុយនីស្ត កាលពីខែមករា។

គួរបញ្ជាក់ថា អំឡុងមហាសន្និបាតនោះ មេដឹកនាំកំពូលបំផុតគឺលោក To Lam ត្រូវបានជ្រើសរើសឱ្យប​ន្តធ្វើជាអគ្គលេខាធិការ ប៉ុន្តែបក្សកុម្មុយនីស្តមិនបានប្រកាសជាសាធារណៈ នូវសមាសភាពថ្នាក់ដឹកនាំដទៃទៀត ដែលត្រូវបានចាត់ទុកជាសសរស្តម្ភទាំង៤ ក្នុង​រចនាសម្ព័ន្ធដឹកនាំរួមរបស់ប្រទេសវៀតណាមទេ។

លោក Lam ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា ក៏នឹងក្លាយជាប្រធានាធិបតីផងដែរ ដែលជាការបង្រួបបង្រួមតំណែងមេដឹកនាំបក្ស​និងមេដឹកនាំរដ្ឋ ដូចដែលប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានធ្វើនៅក្នុងប្រទេសចិនក្បែរខាងគ្នា។ ក្រៅពីតំណែងប្រធានាធិបតី សភាវៀតណាម នឹងបោះឆ្នោតទទួលស្គាល់នាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានសភា៕