កូរ៉េខាងត្បូង ថាកូរ៉េខាងជើងកំពុងដកឃ្លាពីអ៉ីរ៉ង់ ដើម្បីទុកទ្វារចំហសម្រាប់ឱកាសចរចាជាមួយអាមេរិក (Video inside)

06-04-2026 13:57

(សេអ៊ូល)៖ ដោយផ្អែកលើរបាយការណ៍ពីទីភ្នាក់ងារចារកម្ម សមាជិកសភាកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បាននិយាយថា កូរ៉េខាងជើងហាក់កំពុងដកឃ្លាចេញពីអ៉ីរ៉ង់ ដែលជាដៃគូយូរអង្វែងរបស់ខ្លួន ហើយប្រុងប្រយ័ត្នក្នុងការចេញសារជាសាធារណៈ ដើម្បីរក្សាលទ្ធភាពកសាងទំនាក់ទំនងថ្មីជាមួយសហរដ្ឋអាមេរិក ក្រោយសង្រ្គាមអ៉ីរ៉ង់បិទបញ្ចប់ទៅវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

បើតាមសមាជិកសភាកូរ៉េខាងត្បូង លោក Park Sun-won ទីភ្នាក់ងារចារកម្ម NIS បានរាយការណ៍ថា កូរ៉េខាងជើងមិនបានបញ្ជូន​សព្វាវុធ ឬសម្ភារយោធាណាមួយឡើយ មកទល់នឹងពេលនេះឱ្យទៅអ៉ីរ៉ង់ឡើយ គិតតាំងពីសង្រ្គាមមជ្ឈិមបូព៌ាបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ និងមិនបានចេញសារថ្កោលទោសជាសាធារណៈ ក្រោយការស្លាប់របស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនិងអ៉ីស្រាអែល។

យោងតាមរបាយការណ៍ NIS ទីក្រុងព្យុងយ៉ាង ក៏មិនបានផ្ញើសារអបអរសាទរដែរ នៅពេលកូនប្រុសលោក Ali Khamenei គឺលោក Mojtaba Khamenei ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មី។ ម៉្យាងវិញទៀត ស្របពេលដែលចិននិងរុស្ស៉ី ជារឿយៗបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងជម្លោះ ក្រសួងការបរទេសកូរ៉េខាងជើង មកទល់ពេលនេះ បានចេញសេចក្តីថ្លែងការណ៍ត្រឹម២ប៉ុណ្ណោះ និងមិនសូវមានខ្លឹមសារធ្ងន់ៗទេ ខណៈវាស្របជាមួយនិន្នាការមួយរយៈចុងក្រោយនេះរបស់កូរ៉េខាងជើង ដែលចៀសវាង​ការរិះគន់ចំៗផ្ទាល់ចំពោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

NIS បានវាយតម្លៃថា គោលជំហរដូចខាងលើ គឺទំនងជាការត្រៀមលក្ខណៈរបស់ទីក្រុងព្យុងយ៉ាង សម្រាប់ឱកាសកិច្ចចរចាផ្នែកការទូតថ្មី នៅក្រោយកិច្ចប្រជុំកំពូលនាខែឧសភា រវាងប្រធានាធិបតីចិន លោក ស៉ី ជីនពីង និងលោក ត្រាំ៕