អាល្លឺម៉ង់កំពុងធ្វើការដើម្បីបកស្រាយបញ្ជាក់អំពីច្បាប់កាតព្វកិច្ចយោធា ដែលទើបធ្វើបច្ចុប្បន្នភាពនាពេលថ្មីៗ (Video inside)

06-04-2026 14:54

(Frankfurt)៖ ក្រសួងការពារជាតិអាល្លឺម៉ង់ បានឱ្យដឹងថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសកំពុងធ្វើការដើម្បីបកស្រាយឱ្យច្បាស់ ជុំវិញលក្ខខណ្ឌមួយក្នុងច្បាប់ស្តីពីកាតព្វកិច្ចយោធា ទើបធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ដែលតម្រូវឱ្យបុរសគ្រប់អាយុចូលបម្រើការជាទាហាន ត្រូវសុំលិខិតអនុញ្ញាតចាកចេញពីប្រទេស សម្រាប់រយៈពេលជាង ៣ខែ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

ច្បាប់នេះបានចូលជាធរមានតាំងពីខែមករា ប៉ុន្តែលក្ខខណ្ឌខាងលើ ដែលបើតាមទ្រឹស្តី គឺប៉ះពាល់បុរសរាប់លាននាក់ មានអាយុចន្លោះពី១៧ឆ្នាំទៅ ៤៥ឆ្នាំ នៅក្នុងប្រទេសមានប្រជាជនច្រើនបំផុតរបស់សហភាពអឺរ៉ុប គឺហាក់មិនត្រូវបានចាប់អារម្មណ៍ទេ រហូតទាល់តែមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ដែលបានរំលេចចំណុចនោះឡើង។

អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់​ បានសង្កត់ធ្ងន់ថា​ ការចូលបម្រើយោធានៅអាល្លឺម៉ង់ធ្វើឡើងដោយស្ម័គ្រចិត្ត ដោយបន្ថែមថាក្រសួង កំពុងព្រាងបទប្បញ្ញត្តិជាក់លាក់សម្រាប់ការលើកលែងមួយចំនួន ហើយក៏ដើម្បីជៀសវាងកេីតមានបញ្ហាដែលមិនចាំបាច់។

រដ្ឋាភិបាលចម្រុះអាល្លឺម៉ង់ បានអនុម័តច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មីខាងលើកាលពីឆ្នាំមុន ដើម្បីបង្កើនចំនួនទាហាន និងបំពេញតាមគោលដៅរបស់អង្គការណាតូ (NATO) ចំពេលដែលការយល់ថា​អាល្លឺម៉ង់ពឹងផ្អែកយូរពេកលើសហរដ្ឋអាមេរិក កាន់តែកេីនឡេីង និងដោយសារភាពតានតឹងជាមួយរុស្ស៉ីជំរុញឱ្យមានការពង្រឹងសមត្ថភាពការពារជាតិនៅទូទាំងទ្វីបអឺរ៉ុប។ អាល្លឺម៉ង់ ចង់បង្កើនចំនួនទាហានសកម្មឱ្យបានដល់ ២៦០ ០០០នាក់ នៅឆ្នាំ២០៣៥៕