អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់៖ ការគំរាមវាយប្រហារទីតាំងស៉ីវិលរបស់លោក ត្រាំ ស្មើនឹងការគំរាមប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម (Video inside)

06-04-2026 15:21

(តេហេរ៉ង់)៖ អនុរដ្ឋមន្រ្តីការបរទេសអ៉ីរ៉ង់ លោក Kazem Gharibabadi នាថ្ងៃចន្ទនេះ បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលថានឹងវាយប្រហាររោងចក្រផលិតថាមពល និងស្ពាននានានៅក្នុងប្រទេសអ៉ីរ៉ង់ គឺអាចត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។

លោក Gharibabadi បានបង្ហោះសារនៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា «លោកប្រធានាធិតីអាមេរិក ក្នុងនាមជាមន្រ្តីកំពូលបំផុតនៅក្នុងប្រទេសរបស់ខ្លួន បានគំរាមជាសាធារណៈថា នឹងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម។ ការគំរាមវាយប្រហាររោងចក្រថាមពលនិងស្ពាន ដែលជាហេដ្ឋារចនាសម្ព័ន្ធស៉ីវិល គឺត្រូវចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាម នៅក្រោមមាត្រ៨ (២) (b) នៃលក្ខន្តិកៈទីក្រុងរ៉ូមស្តីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)»។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានគំរាមកម្ទេចហេដ្ឋារចនាសម្ព័ន្ធស៉ីវិល និងថាមពលរបស់អ៉ីរ៉ង់ឱ្យខ្ទេចគ្មានសល់ ដោយទាមទារឱ្យទីក្រុងតេហេរ៉ង់ ឱនក្បាលទទួលយកការទាមទាររបស់លោក ឱ្យបើកច្រកសមុទ្រ Hormuz ឡើងវិញ។ លោក ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ ដល់ត្រឹម​ម៉ោង៨យប់ថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅសហរដ្ឋអាមេរិក) ហើយបើគ្មានកិច្ចព្រមព្រៀងទេនោះ លោកថាអ៉ីរ៉ង់នឹងត្រូវប្រឈមមុខជាមួយផលវិបាក ប្រៀបដូចជាឋាននរក៕