អ៉ីស្រាអែល បើកការវាយប្រហារលើមជ្ឈមណ្ឌលគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៉ីរ៉ង់នៅ Asaluyeh

06-04-2026 20:07

(ហ្សេរុយសាឡិម)៖ នាថ្ងៃចន្ទ រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានប្រកាសថា កងទ័ពអ៉ីស្រាអែលបានវាយប្រហារចំមជ្ឈមណ្ឌលគីមីឥន្ធនៈដ៏ធំបំផុតរបស់អ៉ីរ៉ង់នៅតំបន់ Asaluyeh ដែលលោកចាត់ទុកថាជាការវាយលុកដ៏ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ទីក្រុងតេហេរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារព័ត៌មាន Fars បានឱ្យដឹងថា សំឡេងផ្ទុះជាច្រើនបានបន្លឺឡើងនៅឯតំបន់មជ្ឈមណ្ឌលគីមីឥន្ធនៈ South Pars ក្នុងតំបន់ Asaluyeh។ ដោយឡែក ទីភ្នាក់ងារព័ត៌មាន Tasnim បានរាយការណ៍ថា ការវាយប្រហារនេះបានតម្រង់គោលដៅទៅលើកន្លែងផ្គត់ផ្គង់អគ្គិសនី ទឹក និងអុកស៊ីហ្សែន ដែលបណ្តាលឱ្យការផ្គត់ផ្គង់ថាមពលទៅកាន់អង្គភាពគីមីឥន្ធនៈទាំងអស់ក្នុងតំបន់ត្រូវកាត់ផ្តាច់ ប៉ុន្តែសំណាងល្អដែលរោងចក្រ Pars Petrochemical មិនបានរងការខូចខាតនោះទេ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែលអ៉ីស្រាអែលវាយប្រហារលើតំបន់យុទ្ធសាស្ត្រមួយនេះ។ កាលពីខែមីនាកន្លងទៅ អ៉ីស្រាអែលក៏ធ្លាប់បានវាយប្រហារលើប្រភពថាមពលដ៏សំខាន់បំផុតរបស់អ៉ីរ៉ង់ គឺវាលឧស្ម័ន South Pars និងហេដ្ឋារចនាសម្ព័ន្ធកែច្នៃនៅ Asaluyeh ផងដែរ ដែលព្រឹត្តិការណ៍នោះបានជំរុញឱ្យអ៉ីរ៉ង់បើកការវាយប្រហារតបតវិញយ៉ាងក្តៅគគុកលើគោលដៅថាមពលនៅទូទាំងតំបន់មជ្ឈិមបូព៌ា រហូតមកដល់បច្ចុប្បន្ន៕