អ៊ុយក្រែន ប្រកាសថាបានវាយប្រហារលើនាវាចម្បាំង និងស្ថានីយ៍ខួងប្រេងរបស់រុស្ស៊ី នៅសមុទ្រខ្មៅ (Video inside)

06-04-2026 21:31

(កៀវ)៖ នាថ្ងៃអាទិត្យនេះ មេបញ្ជាការកងទ័ពដ្រូនអ៊ុយក្រែន លោក Robert Brovdi បានប្រកាសថា កងកម្លាំងរបស់លោកបានបើកការវាយប្រហារកាលពីយប់មិញ ដោយកំណត់គោលដៅលើនាវាចម្បាំងរុស្ស៊ីមួយគ្រឿងនៅក្នុងកំពង់ផែ Novorossiysk និងស្ថានីយ៍ខួងប្រេងមួយកន្លែងនៅក្នុងសមុទ្រខ្មៅ ក្បែរតំបន់គ្រីមៀដែលរុស្ស៊ីកំពុងកាន់កាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

តាមរយៈកម្មវិធី Telegram លោក Brovdi បានបញ្ជាក់ថា ការវាយប្រហារដោយដ្រូននេះ បានតម្រង់គោលដៅចំនាវាដឹកមីស៊ីល Admiral Makarov របស់រុស្ស៊ី។ គួរបញ្ជាក់ថា ការវាយប្រហារលើនាវាចម្បាំង និងហេដ្ឋារចនាសម្ព័ន្ធយោធារបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ គឺជាយុទ្ធសាស្ត្រសំខាន់របស់អ៊ុយក្រែន ដើម្បីកាត់បន្ថយសមត្ថភាពយោធារុស្ស៊ីនៅក្នុងតំបន់នេះ។ ទោះជាយ៉ាងណា ខាងភាគីរុស្ស៊ីមិនទាន់មានការឆ្លើយតបណាមួយចំពោះការអះអាងរបស់អ៊ុយក្រែននៅឡើយទេ៕