លោក ត្រាំ ព្រមានថាឱសានវាទថ្ងៃអង្គារ គឺជាឱកាសចុងក្រោយសម្រាប់អ៉ីរ៉ង់ ដើម្បីសម្រេចកិច្ចព្រមព្រៀង

06-04-2026 23:17

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ឱសានវាទដែលលោកបានកំណត់ឱ្យអ៉ីរ៉ង់សម្រេចកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម គឺត្រូវតែបញ្ចប់នៅត្រឹមថ្ងៃអង្គារនេះជាកំហិត ដោយលោកបញ្ជាក់ថា ទោះបីជាសំណើរបស់អ៉ីរ៉ង់មានភាពវិជ្ជមានក្តី ប៉ុន្តែវានៅមិនទាន់ «ល្អគ្រប់គ្រាន់» នោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងអំឡុងពិធីបុណ្យ Easter នៅសេតវិមាន លោក ត្រាំ បានមានប្រសាសន៍ថា «ពួកគេបានដាក់សំណើមួយ ដែលជាជំហានដ៏សំខាន់ ប៉ុន្តែវានៅមិនទាន់ល្អគ្រប់គ្រាន់ទេ។ សង្គ្រាមអាចបញ្ចប់យ៉ាងឆាប់រហ័ស ប្រសិនបើពួកគេព្រមធ្វើអ្វីដែលពួកគេត្រូវធ្វើ»។ លោកបានសង្កត់ធ្ងន់ថា ភាគីអ៉ីរ៉ង់កំពុងចរចាដោយ «សុច្ឆន្ទៈ» ប៉ុន្តែពេលវេលាសម្រាប់កិច្ចព្រមព្រៀងកំពុងតែខិតជិតមកដល់ទីបញ្ចប់។

គួរបញ្ជាក់់ថា មកទល់ពេលនេះសង្គ្រាមបានឈានចូលដល់សប្តាហ៍ទី៥ ខណៈទាំងទីក្រុងវ៉ាស៊ីនតោន និងតេហេរ៉ង់ កំពុងស្ថិតក្នុងដំណាក់កាលសម្រេចចិត្តដ៏សំខាន់មួយ ដើម្បីកំណត់ថា តើជម្លោះនេះនឹងឈានទៅរកការបិទបញ្ចប់ជាស្ថាពរ ឬក៏នឹងវិវត្តទៅរកភាពហិង្សាកាន់តែខ្លាំងក្លាថែមទៀត បន្ទាប់ពីផុតឱសានវាទនៅថ្ងៃអង្គារនេះ៕