លោក ត្រាំ ថាប្រជាជនអ៉ីរ៉ង់គួរតែងើបឡើងបះបោរប្រឆាំងរដ្ឋាភិបាល ប្រសិនបើបទឈប់បាញ់ត្រូវបានប្រកាស (Video inside)

07-04-2026 09:09

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រជាជនអ៉ីរ៉ង់គួរតែងើបឡើងបះបោរប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងប្រទេសរបស់ពួកគេ ប្រសិនបើ បទឈប់បាញ់មួយត្រូវបានប្រកាស ប៉ុន្តែលោកបានទទួលស្គាល់ថាការធ្វើបែបនេះជារឿងដ៏គ្រោះថ្នាក់ចំពោះប្រជាជនអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅឯសេតវិមាន កាលពីថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។ លោក ត្រាំ បាននិយាយថា «ពួកគេ (ប្រជាជនអ៉ីរ៉ង់) គួរតែងើបឡើងបះបោរ ប៉ុន្តែផលវិបាកគឺធំធេងណាស់។ ខ្ញុំចង់មានន័យថាពួកគេត្រូវបានប្រាប់ថាប្រសិនបើអ្នកធ្វើបាតុកម្មតវ៉ា នោះអ្នកនឹងត្រូវបានបាញ់ប្រហារ ភ្លាមៗ»។ លោក​ ត្រាំ ដែលគំរាមទម្លាក់គ្រាប់បែកកម្ទេចរោងចក្រថាមពល និងស្ពានរបស់អ៉ីរ៉ង់ បានបន្តទៀតថាលោកផ្ទាល់ជឿថាប្រជាជនអ៉ីរ៉ង់មានឆន្ទៈលះបង់ដើម្បី សេរីភាព។

គួរបញ្ជាក់ថា លោក ត្រាំ ក៏បានអះអាងដែរថាសហរដ្ឋអាមេរិកបានព្យាយាមបំពាក់អាវុធដល់ក្រុមបាតុករអ៉ីរ៉ង់ ប៉ុន្តែអាវុធទាំងនោះមិនបានទៅដល់ដៃក្រុមបាតុករអ៉ីរ៉ង់នោះទេ។ លោក ត្រាំ មិនបានផ្ដល់ព័ត៌មានលម្អិតទេថាតើក្រុមណាដែលលោកចោទថាបានយកអាវុធអាមេរិកឡើយ។ តែកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លោក ត្រាំ ត្រូវបានដកស្រង់សម្ដី ដោយអ្នកសារព័ត៌មាន Fox News ម្នាក់ ដោយលោកបានបន្ទោសក្រុមប្រដាប់អាវុធឃើដ ដែលបានឃាត់រក្សាទុកអាវុធដែលមានគោលដៅបញ្ជូនទៅឱ្យបាតុករអ៉ីរ៉ង់៕