លោក ត្រាំ អះអាងថាប្រជាជនអ៉ីរ៉ង់ចង់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ព្រោះពួកគេចង់បានសេរីភាព
07-04-2026 09:38
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាប្រជាជនអ៉ីរ៉ង់ចង់ស្ដាប់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពីព្រោះពួកគេចង់បាន សេរីភាព ខណៈអ៉ីរ៉ង់នៅតែបន្តច្រានចោលបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានអាមេរិក PBS។
ការលើកឡើងបែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅពេលត្រូវបានសាកសួរដោយអ្នកសារព័ត៌មាន PBS អំឡុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមានកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦។ នៅពេលត្រូវបានសាកសួរថាតើការទម្លាក់គ្រាប់បែកកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៉ីរ៉ង់ នឹងជួយអ្វីខ្លះដល់ប្រជាជនអ៉ីរ៉ង់? លោក ត្រាំ បានលើកឡើងដូច្នេះថា «ប្រជាជនអ៉ីរ៉ង់ នៅពេលដែលពួកគេមិនបានឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពួកគេមិនសប្បាយចិត្តនោះទេ។ ពួកគេចង់ឮសូរសំឡេងទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក ពីព្រោះពួកគេចង់បានសេរីភាព»។
បន្ថែមពីលើនេះ នៅពេលត្រូវបានសួរថាតើការគំរាមទម្លាក់គ្រាប់បែកលើហេរដ្ឋារចនាសម្ព័ន្ធថាមពល គឺជាឧក្រិដ្ឋកម្មសង្រ្គាមឬក៏យ៉ាងណា? លោក ត្រាំបានឆ្លើយតបថាលោកមិន ខ្វល់ ឬបារម្ភអ្វីនោះទេ តែយ៉ាងណាលោកសង្ឃឹមថាលោកនឹងមិនចាំបាច់ធ្វើបែបនេះទេ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានទុកពេលឱ្យអ៉ីរ៉ង់ដល់ពាក់កណ្ដាលយប់ថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ បើពុំដូច្នោះទេសហរដ្ឋអាមេរិកនឹងទម្លាក់គ្រាប់បែកកម្ទេចរោងចក្រថាមពល និងស្ពានរបស់អ៉ីរ៉ង់។ មកទល់នឹងពេលនេះ អ៉ីរ៉ង់បានច្រានចោលបទឈប់បាញ់ជាមួយអាមេរិក និងអ៉ីស្រាអែល ហើយចង់បានការបិទបញ្ចប់សង្រ្គាមជាអចិន្ត្រៃយ៍៕




