សភាវៀតណាម បោះឆ្នោតជ្រើសតាំងលោក To Lam ជាប្រធានរដ្ឋ
07-04-2026 09:56
(ហាណូយ)៖ សមាជិកសភាវៀតណាម បានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងអគ្គលេខាធិការគណបក្សកុម្មុយនិស្តវៀតណាម លោក To Lam ជាប្រធានរដ្ឋ ឬប្រធានាធិបតីថ្មីរបស់ វៀតណាមសម្រាប់អាណត្តិមានរយៈពេល៥ឆ្នាំ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។
នៅក្នុងសេចក្ដីប្រកាសមួយ លោក Tran Thanh Man ជាប្រធានរដ្ឋសភាវៀតណាម បានប្រកាសដូច្នេះថា «១០០ភាគរយនៃសមាជិកសភាជាតិបានអនុម័តដំណោះស្រាយ បោះឆ្នោតជ្រើសរើសតាំងសមមិត្ត To Lam ជាប្រធានរដ្ឋសម្រាប់អាណត្តិពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣១»។
លោក To Lam ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅក្នុងរដ្ឋសជាតិ។ ការណ៍នេះបានធ្វើឱ្យលោក To Lam ដែលជា អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈកាន់តំណែងកំពូល២ក្នុងពេលតែមួយ គឺជាអគ្គលេខាធិការបក្សផង និងជាប្រធានរដ្ឋផង។ លោក Lam ត្រូវបានតែងតាំងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តវៀតណាមសម្រាប់អាណត្តិទី២ កាលពីខែមករាកន្លងទៅ៕




