លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ឈរលើគោលជំហរបទឈប់បាញ់ ដែលផ្ញើរទៅឱ្យរុស្ស៉ី (Video inside)

07-04-2026 11:00

(កៀវ)៖ ប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា អ៊ុយក្រែន ឈរលើគោលជំហរដែលមានក្នុងបទឈប់បាញ់ ដែលស្នើឱ្យរុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

ក្នុង​សុន្ទរកថា​ជា​វីដេអូ លោក ហ្សេលេនស្គី និយាយថា​សំណើ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីក្រុង​មូស្គូ ​តាម​រយៈ​សហរដ្ឋ​អាមេរិក ហើយការងារ​ក៏កំពុង​បន្ត​ជាមួយ​អ្នក​ចរចា​អាមេរិក​ ជុំវិញការ​ធានា​សន្តិសុខដែលជា​គន្លឹះ​នៃ​សន្តិភាព​យូរអង្វែង។ លោកបញ្ជាក់ថា «ប្រសិនបើរុស្ស៉ីបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល យើងនឹងឆ្លើយតបទៅវិញដោយសប្បុរស»។

កាលពីសប្តាហ៍មុន លោក ហ្សេលេនស្គី បានស្នើឱ្យមានការសង្កេតក្រោមលក្ខខណ្ឌស្រដៀងគ្នា នឹងបទឈប់បាញ់ពីមុនសម្រាប់បុណ្យ Easter នៅអាទិត្យសប្តាហ៍មុន។ ប៉ុន្តែទីក្រុងមូស្គូ ថាខ្លួនពេញចិត្តកិច្ចព្រមព្រៀងសន្តិភាពទាំងស្រុង ជាជាងបទឈប់បាញ់៕