កូរ៉េខាងត្បូង គ្រោងបញ្ជូននាវាទៅដឹកប្រេង ចេញតាមផ្លូវសមុទ្រក្រហម ដើម្បីចៀសវាងច្រកសមុទ្រ Hormuz (Video inside)

07-04-2026 11:49

(សេអ៊ូល)៖ សមាជិកសភាមួយរូបនៃគណបក្សកាន់អំណាច បានឱ្យដឹងថា កូរ៉េខាងត្បូងនឹងបញ្ជូននាវា ៥គ្រឿងទៅកាន់កំពង់ផែទីក្រុង Yanbu របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលស្ថិតនៅសមុទ្រក្រហម ដើម្បីដឹកប្រេងចៀសវាងពីច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦។

សមាជិកសភា លោក Ahn Do-geol បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជាមួយទីភ្នាក់ងារពាក់ព័ន្ធ រួមទាំងក្រសួងថាមពល ថានាវាដែលមានទង់ជាតិកូរ៉េខាងត្បូង ចាំបាច់ត្រូវបញ្ជូនទៅកាន់ផ្លូវផ្សេងពីច្រកសមុទ្រ Hormuz ដើម្បីទទួលបានប្រេងឆៅ។ ដោយមិនលម្អិត លោកបាននិយាយថា «យើងកំពុងជំរុញការបញ្ជូននាវា ៥គ្រឿងទៅកំពង់ផែ Yanbu របស់អារ៉ាប៊ីសាអូឌីត ក្នុងតំបន់សមុទ្រក្រហម»

គួរបញ្ជាក់ថា តម្លៃប្រេងបានកើនឡើង អំឡុងពេលនៃសង្រ្គាមអាមេរិក-អ៉ីស្រាអែលជាមួយអ៉ីរ៉ង់ និងជំរុញឱ្យមានហានិភ័យអតិផរណាសម្រាប់កូរ៉េខាងត្បូង ដែលពឹងផ្អែកលើប្រេងឆៅ ៧០ភាគរយមកពីមជ្ឈិមបូព៌ា៕