បេសកកម្មអវកាស Artemis II បំបែកកំណត់ត្រាធ្វើដំណើរឆ្ងាយបំផុតដោយមនុស្សចេញពីផែនដី ក្រោយបានហោះឆ្វែលឋានព្រះចន្ទ (Video inside)
07-04-2026 15:14
(វ៉ាស៉ីនតោន)៖ អវកាសយានិក៤រូបនៃបេសកកម្ម Artemis II របស់ទីភ្នាក់ងារអវកាសអាមេរិក NASA កាលពីថ្ងៃចន្ទ ទី៦ ខែមេសា បានធ្វើដំណើរទៅដល់ចំណុចឆ្ងាយបំផុតពីភពផែនដី ក្នុងកំណត់ត្រាថ្មីមួយ បន្ទាប់ពីយានអវកាសរបស់ពួកគេ បានទៅហោះក្រឡឹងជុំវិញឋានព្រះចន្ទ កាត់ពីលើចំហៀងផ្ទៃរបស់ព្រះចន្ទ ដែលមិនបែរមករកផែនដី ហៅថា dark side ឬ far side of the moon។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រុមអវកាសយានិកខាងលើ បានបំបែកកំណត់ត្រានៃការធ្វើដំណើរក្នុងលំហអវកាស នៅពេលពួកគេបានហោះទៅដល់ចម្ងាយលើស ៤០០ ០០០គីឡូម៉ែត្រពីផែនដី ដែលសម្រេចបានតាំងតែពីឆ្នាំ១៩៧០ ដោយបេសកកម្ម Apollo 13។ កាលពីពេលនោះ បេសកកម្ម Apollo 13 បានជួបបញ្ហាស្ទើរតែអន្តរាយ ដែលបង្ខំឱ្យពួកគេត្រូវប្រើប្រាស់ កម្លាំងទំនាញរបស់ព្រះចន្ទ ដើម្បីជួយរុញច្រានយានអវកាស ត្រឡប់ឆ្ពោះមកផែនដីវិញដោយសុវត្ថិភាព។
អំឡុងពេលហោះឆ្វែលពីលើចំហៀង dark side របស់ព្រះចន្ទ ក្រុមអវកាសយានិកនៃបេសកកម្ម Artemis II បានទៅដល់ចំណុចឆ្ងាយបំផុតពីផែនដី គឺ៤០៦ ៧៦៩គីឡូម៉ែត្រ ពោលគឺ៦ ៦២៦គីឡូម៉ែត្រ លើសចម្ងាយកំណត់ត្រាដែលកាន់កាប់ដោយ ក្រុមអវកាសយានិកបេសកកម្ម Apollo 13 អស់រយៈពេល៥៦ឆ្នាំមកនេះ។
គួរបញ្ជាក់ថា Artemis II បានចេញដំណើរពីផ្ទៃផែនដីកាលពីមួយសប្តាហ៍មុន សម្រាប់បេសកកម្មមានរយៈពេលសរុប១០ថ្ងៃ។ វាគឺជាបេសកកម្មលើកដំបូងនៃការបញ្ជូនមនុស្ស ទៅក្បែរឋានព្រះចន្ទ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ ចាប់តាំងពីកម្មវិធីបេសកកម្ម Apollo កាលពីអំឡុងទសវត្សរ៍ឆ្នាំ១៩៦០-១៩៧០។ NASA មានគោលដៅនាំយក មនុស្សទៅដល់លើផ្ទៃព្រះចន្ទសាជាថ្មី នៅឆ្នាំ២០២៨។ លើកចុងក្រោយ ដែលអវកាសយានិកបានទៅជាន់លើផ្ទៃព្រះចន្ទ គឺក្នុងបេសកកម្ម Apollo ចុងក្រោយ កាលពីឆ្នាំ១៩៧២ ហើយមកទល់ពេលនេះ មានតែសហរដ្ឋអាមេរិកមួយគត់ ដែលបានធ្វើបែបនោះ៕







