បទវិភាគ៖ ទស្សនៈការ​ទូតរបស់​ចិន​ស្តីពី​ «ការរក្សា​ភាពសុខ​ដុមរម​នា​ជា​មួយ​ប្រទេសជិតខាង និង​ចាត់ទុកប្រទេសជិតខាងជាដៃគូ»ទទួល​បាន​សមិទ្ធផល​ជា​ផ្លែផ្កា​នៅ​ទ្វីបអាស៊ី

07-04-2026 17:41

(ប៉េកាំង)៖ នាពេល​បច្ចុប្បន្ន​នេះ បម្រែបម្រួលនិម្មាបនកម្មសកលដែលពុំធ្លាប់​មានក្នុង​រយៈ​ពេល ​១​រយ​ឆ្នាំកន្លង​មក មានភាពកាន់តែខ្លាំងឡើងៗ តំបន់​អាស៊ី​បាន​និង​កំពុង​ប្រឈម​នឹង​កាលា​នុវ​ត្ត​ភាព​ នៃ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញនិង​ការ​តភ្ជាប់​គ្នា​ផង ហើយ​ក៏​ប្រឈម​នឹង​ការ​សាកល្បង​ជា​ច្រើន ដូចជា​ការ​ប្រកួត​ប្រជែង​ខាង​ភូមិសាស្ត្រ​នយោបាយ​ និងការ​គំរាម​កំហែង​ផ្នែកសន្តិសុខ​មិន​មែន​ប្រ​ពៃណី​ជា​ដើម​ផងដែរ ។ ក្នុ​ងនាម​ជា​សមាជិក​ដ៏​សំខាន់​ ក្នុង​មហា​គ្រួ​សារ​អាស៊ី ជា​និច្ចកាល​ ប្រទេស​ចិន​តែងតែ​តម្កល់​​ទុក ​ប្រទេស​ជិត​ខាង​ជា​ចម្បង​អាទិភាព​ក្នុង​កិច្ច​ការទូត ហើយ​ប្រកាន់ខ្ជាប់​គោលនយោបយា​ការ​ទូត​ស្តីពី ​“ការរក្សាភាពសុខដុមរម​នាជា​មួយ​ប្រទេសជិតខាងនិង​ចាត់ទុកប្រទេសជិតខាងជាដៃគូ” ក្នុង​ន័យ​អនុវត្ត​ទស្សនៈ​ការទូត​ជា​មួយ ​ប្រទេសជិតខាងដែលប្រកបដោយ​ភាពជិតស្និទ្ធ ស្មោះត្រង់ ផ្តល់​ផលប្រយោ​ជ​ន៍​ដល់​គ្នា​ទៅវិញទៅមក និងប្រកបដោយបរិយាបន្ន ខិត​ខំប្រឹងប្រែង​ដើម្បី​ជំរុញការ​កសាង​សហ​គម​ន៍​រួម​វាសនាសម្រាប់​​ប្រទេស​ជិត​ខាង។

ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លង​មក​ ទស្សនៈ​នេះ​ត្រូវ​បាន​អនុវត្ត​កាន់តែ​ស៊ីជម្រៅនៅទ្វីប​អា​ស៊ី ដែល​បាន​ផ្តល់​ដំណោះ​ស្រាយ​​ថ្មី​សម្រាប់​ឱ្យ​ប្រទេស​អាស៊ី​ឆ្លើយតប​នឹង​ការសាកល្បង​ដ៏​ស្មុគស្មាញ ហើយ​ក៏បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់ស្តែង​ដល់​ប្រទេស​ក្នុង​តំបន់​ផងដែរ​។​ដោយ​ប្រកាន់ខ្ជាប់នូវទស្សនៈនេះ ប្រទេស​ចិន​បាន​បង្កើត​យន្តការ​សហប្រតិបតិ្តការ​ជា​មួយ​ប្រទេស​ជិត​ខាង​ក្នុ​ងច្រើនស្រទាប់និងច្រើន​វិស័យ ។ ឧទាហរណ៍ដូចជា​ ប្រទេស​ចិន​បាន​រួមសហការ​ជា​មួយ​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ​និង​វៀតណាម​ ដើម្បី​បង្កើត​យន្ត​ការ​សហ​ប្រតិបតិ្តការឡានឆាង-មេគង្គ យន្តការ​នេះ​បាន​ក្លាយ​ជា​ យន្តការសហប្រតិបតិ្តការ​មួយ​ដែល​មាន​កម្លាំង​រស់​រវើក​​ខ្លាំង​បំផុត​ក្នុង​តំបន់​នេះ ហើយ​បាន​ជំរុញឱ្យ​ប្រទេស​ទាំង​៦ រួម​គ្នា​កសាង “មហាគ្រួសារ​ទាំង៥ ”គឺសន្តិភាព សុខសាន្តត្រាណ វិបុលភាព ភាព​ស្រស់​ស្អាត​និង​មេ​ត្រី​ភាព។

គម្រោង​ដែល​​យន្តការ​សហប្រតិបតិ្តការឡានឆាង-មេគង្គបាន​អនុវត្ត​នៅកម្ពុជា បាន​គ្រប​ដណ្តប់លើវិស័យ​ជា​ច្រើន​ ដូច​ជា​កសិកម្ម​ ប្រភពធនធានទឹក ការ​អប់រំ អនាម័យ និង​ការ​កាត់​បន្ថយភាព​ក្រីក្រជាដើម ។ ក្នុង​នោះ “ប្រតិបត្តិការទឹកផ្អែម” (Sweet Spring Action) បាន​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត​ និងបច្ចេកវិទ្យាចម្រោះទឹកនៅខេត្ត​កណ្តាល​និង​ខេត្ត​ស្ទឹងត្រែងជា​ដើម​ ដែល​បាន​ជួយដោះស្រាយ​ការ​លំបាកនៅតំបន់​ឆ្ងាយ​ដាច់​ស្រ​យា​ល ​ដែល​ពិបាក​ទទួល​បាន​ទឹកផឹក​និង​ទឹក​ផឹក​មាន​គុណភាពមិន​ល្អ ។ “គម្រោងថែទាំ​បេះ​ដូង​កុមារ​មេគង្គ” បាន​ពិនិត្យនិង​ព្យាបាល​កុមារកម្ពុជាដែល​មាន​ជំងឺបេះដូងពីកំណើត ។ “កញ្ចប់​សុខ​ភាព​និងថែទាំសុខភាពចិន-កម្ពុជា” និង​ “គម្រោងជួយព្យាបាលជំងឺភ្នែក​ឡើងបាយ​ជូន​ប្រជា​ជន​ខ្មែរ” បាន​ផ្តោត​លើ​ការ​ព្យាបាល​រោគ​និង​កែលម្អជីវភាព​រស់​នៅ​ក្នុង​​តំបន់​មូលដ្ឋាន​ ។ល។ កិច្ច​សហប្រតិបតិ្តការ​នៃ​ “គម្រោង​តូចនិងឆ្លាត” មួយ​ចំនួន​ទទួល​បាន​ការ​កោត​សរសើរ ដែល​បាន​ជួយកែលម្អជីវភាពរស់​នៅ​នៃ​ប្រជាជនក្នុង​តំបន់​ ហើយ​ក៏បានបង្កើន​ការតភ្ជាប់​ដួង​ចិត្ត​រវាងប្រជាជន​ចិននិង​​កម្ពុជាផងដែរ ដែ​លបាន​ក្លាយជា​ការ​ឆ្លុះ​បញ្ចាំង​​ដ៏​រស់​រវើក​ នៃ​កិច្ច​សហ​ប្រតិបតិ្តការ​ក្នុង​តំបន់​ ។

ដោយ​ប្រកាន់ខ្ជាប់ទស្សនៈ “ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​មាន​ភាព​សម្បូរសប្បាយ” ប្រទេស​ចិន​បាន​ចាត់វិធានការណ៍មួយចំនួន​​ ដូចជា​រួម​គ្នា​កសាង “ខ្សែ​ក្រវាត់​និង​ផ្លូវ​” និង​ជំរុញ​សមា​ហ​រណកម្មសេដ្ឋកិច្ច​ក្នុង​តំបន់​ជា​ដើម​ ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិ​ជ្ជ​កម្ម​កាន់​តែស៊ីជម្រៅ​​ជា​មួយ​ប្រទេស​ជិត​ខាង​ ក្នុង​ន័យសម្រេច​បាន​នូវ​ការ​ចែក​រំលែក​ធនធាជា​មួយ​គ្នា និង​បំពេញបន្ថែមគ្នា ផ្នែកឧត្តមភាព ។ ប្រទេស​ចិន​ជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ នៃ​ប្រ​ទេស​ជិត​ខាង​ចំនួន​១៨ប្រទេស ប្រទេស​ជិត​ខាង​ចំនួន​២៥ប្រទេស​បាន​ចុះហត្ថលេខា​លើ​ឯក​សារ​សហប្រតិបតិ្តការ​ស្តីពីការ​រួម​គ្នា​កសាង “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ និង​ផ្លូវ​ដែក​ចិន​-ឡាវជា​ដើម​ បាន​ក្លាយជា​គម្រោង​ជា​និមិត្ត​សញ្ញា ដែល​បាន​កកើត​ទៅជា​រចនាសម័្ពន្ធ​សហប្រតិបតិ្តការ​គ្រប់ជ្រុងជ្រោយ ដែល​​គ្រប​ដណ្តប់​ផ្លូវ​ដែ​ក​ ផ្លូវ​គោក ផ្លូវ​អាកាស ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​ បណ្តាញអគ្គីសនីនិង​បណ្តាញ​ឌីជីថល​។

ស្របពេល​ដែល​ការតភ្ជាប់​ បាន​កើន​ឡើង​យ៉ាង​លេច​ធ្លោ ​និង​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សេដ្ឋ​កិច្ច​និង​ពាណិជ្ជកម្ម​មានភាពកាន់តែស៊ីជម្រៅជា​បន្តបន្ទាប់ ប្រទេស​ចិន​ប្រកាន់ខ្ជាប់​ការ​មិន​ជ្រៀត​ជ្រែក​ កិច្ច​ការ​ផ្ទៃក្នុង​របស់ប្រទេស​ដទៃ និង​គោលការណ៍​ដោះដ្រាយ​ជម្លោះដោយ​សន្តិ​វិធី ហើយ​បាន​ចូល​រួម​អភិបាល​កិច្ច​សន្តិសុខ​ ក្នុងតំបន់​យ៉ាង​សកម្ម​ ដែល​បាន​បង្ហាញឱ្យ​ឃើញ​នូវ​ទំនួលខុសត្រូវរបស់ប្រទេសធំ។ នៅចុង​ឆ្នាំ​២០២៥ កម្ពុជា​និង​ថៃ​កើតមាន​ការ​ប៉ះ​ទង្គិច​ដោយ​កម្លាំង​អាវុធ​នៅ​តំបន់​ព្រំដែន ប្រទេស​ចិនបាន​ធ្វើ​ការ​សម្រុះសម្រួលយ៉ាង​សកម្ម​ ផ្តួច​ផ្តើម​និង​រៀបចំធ្វើកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន​​នៅហ្វូសៀន។ សេចក្តីប្រកាស​ដែល​ចេញផ្សាយ​បន្ទាប់ពីបញ្ចប់​កិច្ច​ប្រជុំ​ បាន​ផ្តល់​ផែនទីចង្អុលបង្ហាញផ្លូវដោយ​សន្តិវិធី​ ដល់​ប្រទេស​​ទាំង​ពីរ​​កម្ពុជា​និង​ថៃ ជំរុញឱ្យ​បញ្ចុះកម្តៅនៃ​ការ​ប៉ះទង្គិច ដែល​បាន​រួម​ចំណែក​ដ៏​សំ​ខាន់​ក្នុង​ការ​រក្សា​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​ ។ ការ​អនុវត្ត​បែប​នេះ​បាន​បង្ហាញឱ្យ​ឃើញ​នូវ​តួនាទី​ដ៏ពិសេស ​នៃទស្សនៈការ​ទូតរបស់​ចិន​ស្តីពី​ “ការរក្សាភាពសុខដុមរមនា​ជាមួយ​ប្រ​ទេស​ជិតខាងនិង​ចាត់ទុកប្រទេសជិតខាងជាដៃគូ” ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ក្នុង​តំបន់។

ក្នុង​រយៈពេ​ល​ជាង​១០ឆ្នាំ​កន្លង​មក​ ទស្សនៈនេះ​បាន​ណែនាំ​ឱ្យ​ប្រទេ​សចិន​និង​ប្រទេស​ជិត​ខាង​ស្វែង​រក​ផ្លូវ​បង្កើនភាពសុខដុមរមនានិងចំណងមេត្រីភាពនិង​ឈ្នះ-ឈ្នះ ។ នៅ​ពេល​អនាគត ប្រទេស​ចិន​មាន​ឆន្ទៈបន្ត​​ប្រកាន់ខ្ជាប់​ទស្សនៈនេះ ពួតដៃគ្នា​ជា​មួយ​បណ្តា​ប្រ​ទេស​អាស៊ីនានា​ ក្នុង​ន័យ​ជំរុញ​ការ​កសាង​សហគមន៍រួម​វាសនា​សម្រាប់​ប្រទេស​ជិត​ខាង​ដែល​មានភាព​កាន់តែជិត​ស្និទ្ធ​ ដើម្បី​ត្រួសត្រាយ​អនាគត​ថ្មីរបស់​ទ្វីប​អាស៊ី៕